ស្របពេលដែលភាពយន្តភាគថ្មីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលមានចំណងជើងថា «ខោល» ទើបតែដាក់បញ្ចាំងបានពីភាគតែប៉ុណ្ណោះ គេស្រាប់តែឃើញមានមតិរិះគន់វែកញែកមួយចំនួនបានលេចឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ដោយមានអ្នកខ្លះប្រើការរិះគន់និងលើកឡើងថា ភាពយន្តនេះជាភាពយន្តដែលចម្លងចេញពីថៃមិនមែនជាភាពយន្ដ ជាស្នាដៃរបស់កូនខ្មែរនោះទេ និងខ្លះទៀតប្រើសម្ដីថា យកការសម្លៀកពាក់តាមថៃ។

ការលើកឡើងបែបនេះបានធ្វើឱ្យអ្នកស្រឡាញ់វប្បធម៌សិល្បៈបុរាណខ្មែរ និងចូលរួមអភិរក្សរាល់សកម្មភាពលើកស្ទួយវប្បធម៌ខ្មែរនៅលើបណ្តាញសង្គមផ្សព្វផ្សាយនានាមាន ក្ដីសង្វេគ និងសោកអាណិតចំពោះកូនខ្មែរមួយក្ដាប់តូចនោះដែលចេញមកវែកញែកទាំងងឹតងងល់មិនស្គាល់អ្វីជារបស់ខ្លួនពិត អ្វីទៅអត្តសញ្ញាណនៃការស្លៀកពាក់របស់ខ្មែរដែលមានទំនៀមទំលាន់យូរលង់ណាស់មកហើយ។

ក្នុងនោះដែរ ហ្វេសប៊ុកផេកបុរាណាចារ្យ បានបង្ហាញបង្ហោះសំណេរមួយថា ៖ «ប្រជាជនខ្មែរមួយចំនួនមិនទាន់មានចំណេះដឹងរឿងសម្លៀកបំពាក់សម័យកណ្តាល អានខំមិនហើយស្លុតចិត្ត ប្រជាជនខ្មែរយើង១ចំនួនមិនទាន់មានចំណេះដឹងរឿងសម្លៀកបំពាក់នៅសម័យកណ្តាលទេ? ម្នាក់ៗមើលរឿងថៃ ឡើងកើតវិបល្លាសសតិតាមម៉ែការ៉ាកេតអស់ហើយ។ ឃើញអត់ fan club ម៉ែការ៉ាកេតគេមកទាមទារឈុត អោយម៉ែការ៉ាកេតរបស់ពួកគេហើយ។ ជយោ Thailand soft Power !»។

ជាមួយគ្នានោះ នៅលើហ្វេសប៊ុកបុរាណាចារ្យបានប្រមូលផ្ដុំនូវមតិរិះគន់ជាច្រើនដែលលើកឡើងក្នុងន័យជាន់ពន្លិចភាពយន្តខ្មែរដ៏មានគុណភាពមួយនេះ ដែលគេអានហើយហួសចិត្ត។ គេឃើញមានអ្នកខ្លះលើកឡើងស្រដៀងគ្នាថា ៖ « «១ឈុតខ្លីល្អមើល តែភ្លេងនិងចម្រៀងលំនាំបទថៃ ការ៉ាកេត» «នៅសម័យកាលណាដែរ សម្លៀកបំពាក់និងតុបតែងកាយបែបហ្នឹង?» «រឿងថៃក៏ខ្មែរហ្នុង…? របៀបរបបមើលទៅដូចថៃអីចឹង?» «មើលដំបូងស្មានតែរឿងថៃ » «សម្លៀកបំពាក់ដូចរឿងថៃ ទោះល្អមើល យ៉ាងណាក៏មិនមើលដែរ» «គ្មានអ្វីប្លែកចម្លងពីគេចំណែកតួអស់ស្អាតត្រឹមហ្នឹងហើយសិល្បៈខ្មែរទៅមុខលែងរួចហើយ» និងខ្លះទៀតថា «លេងរឿងបុរាណខ្មែរ តែធ្វើម៉ូតសក់បែបថៃទៅវិញ»។ ទាំងអស់នេះនៅមិនទាន់អស់នៅឡើយទេ នៅមានច្រើនទៀត។

ទន្ទឹមនឹងនោះ ក៏មានមតិខ្លះបានប្រតិកម្មតបតជាមួយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលបញ្ចេញមតិរិះគន់ដូចខាងលើ ដោយលើកឡើងថា «តាមរយៈការ Comment ឃើញថា ខ្មែរយើងមួយចំនួនចឹងមែន រឿងខ្មែរផលិតមកមិនសូវល្អថាមើលមិនកើតគ្មានការវិវត្ត ដល់ពេលផលិតករខ្មែរផលិតបង្កើនគុណភាពថាចម្លងពីគេ 😂 និយាយអោយចំទៅរឿងខ្មែរមើលមិនកើតរហូត(មនុស្សមួយចំនួន) ទាំងនេះជាហេតុធ្វើអោយពួកចោរជិតខាងបានចិត្ត លួចហើយលួចទៀត ព្រោះវាដឹងថាម្ចាស់ដើមមួយចំនួនងាយនិងពង្វក់។»

ចុះអ្នកវិញ យល់យ៉ាងណាដែរពីបញ្ហានេះ?

Share.