បន្ទាប់ពីគេឃើញមានមតិប្រតិកម្មចំពោះរឿងភាគ«ខោល» ដោយអ្នកបណ្ដាញសង្គមមួយចំនួនតូចនិយាយរិះគន់ទាំងងងឹតងងល់ថា ជាភាពយន្តចម្លងចេញពីថៃ និងយកការស្លៀកពាក់តាមថៃនេះ ពេលនេះលោក ខាំ ភូរិ បានឆ្លើយតបវិញ និងអះអាងថា លោកមានឯកសារគ្រប់គ្រងពីការស្លៀកពាក់នៅក្នុងរឿងនេះ និងមានការព្រឹក្សាយោបល់ច្បាស់លាស់ក្នុងការផលិត។

លោក ខាំ ភូរិ បានរៀបរាប់សំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកទាំងស្រុងថា ៖
«និយាយពីសម្លៀកបំពាក់ក្នុង រឿង ខោល»

ជាដំបូងខ្ញុំសូមអរគុណដល់បងប្អូនទស្សនិកជន ដែលបានបកស្រាយ ឬឆ្លើយតបចំពោះបងប្អូនមួយចំនួនដែលបានរិះគន់រឿងការស្លៀកពាក់របស់តូអង្គក្នុងរឿងខោលជំនួសខ្ញុំ។

ខ្ញុំបានអានដោយយកចិត្តទុកដាក់នូវពាក្យរិះគន់នានា ហើយខ្ញុំអានផងដែរចំពោះការបកស្រាយរបស់បងប្អូនដែលមានចំណេះជំនាញផ្នែកនេះ។ តាំងពីការចាប់ផ្តើមដំបូង ខ្ញុំបានតាំងចិត្តដោយស្មោះថានឹងព្រមធ្វើអ្វីៗគ្រប់យ៉ាង លះបង់ឱកាសការងារល្អៗជាច្រើនក្រៅពីសិល្បៈ ដើម្បីដើរតាមក្តីស្រមៃ និងឆន្ទៈផ្ទាល់ខ្លួន។ កាលពីឆ្នាំ២០១៧ ពេលដែលរឿងបុរាណខ្មែរមិនសូវមានស្ថានីយទូរទស្សន៍នានាចាប់អារម្មណ៍ផលិត ខ្ញុំក៏ចាប់ផ្តើមបំផុសស្មារតីជាតិនិយមឡើង ក្នុងគោលបំណង កៀងគរផលិតករដែលមានស្នាដៃ មានលទ្ធភាព នាំគ្នាមកចាប់អារម្មណ៍លើរឿងបុរាណជាថ្មីឡើងវិញ។

រយៈពេលជាងពីរឆ្នាំ ខ្ញុំបានសុំជួបលោកគ្រូ អ្នកគ្រូ រៀមច្បង ប្អូនៗដែលមានចំណេះជំនាញផ្នែកនេះ សិក្សាផ្ទាំងគំនូរតាមវត្តអារាមចាស់ៗមួយចំនួន សិក្សាតាមឯកសារចាស់ៗ ស្រាវជ្រាវលើរូបថតសម្លៀកបំពាក់ជាង១០០ឆ្នាំមុន និងវេបសាយបរទេសមួយចំនួនផងដែរ។

មកដល់ពេលនេះខ្ញុំមានសៀវភៅជាភាសាខ្មែរ និងបរទេសរាប់រយក្បាលនៅក្នុងដៃ ទោះមិនមានជំនាញនិងភាសា តែខ្ញុំបានវិភាគ និងជ្រើសរើសចំនុចរួមមួយក្នុងការសម្រេចដើម្បីរំលេចទម្រង់សម្លៀកបំពាក់ ទំនៀមទំលាប់ សិល្បៈប្រពៃណី មួយចំនួននៅក្នុងភាពយន្តភាគបុរាណដំបូងរបស់ខ្ញុំបាន និងបានរាប់វាជាជំហានដំបូង ជំហានចាប់ផ្តើមរៀនដើរ និងត្រូវពុះពារបន្តទៅមុខទៀត។

នាសម័យលង្វែកខ្មែរចាប់ផ្តើមចងក្រងឯកសារ ក្បួនច្បាប់ឡើងវិញ ក្រោយខកខានពេលខ្មែរចាកឆ្ងាយពីអង្គរ។ ខ្មែរមានសូត្រ ដែលនាំចេញទៅលក់ដល់ថៃ ជប៉ុន ហើយត្រូវបានចាត់ទុកថាជាសូត្រ ដែលល្អដាច់គេនៅអាសុីអាគ្នេហ៍។ ខ្មែរ សៀម ឡាវ ជាប្រទេសភូមិផងរបងជាប់គ្នា ប្រជាជនទាំងបីប្រទេសនេះកាន់ព្រះពុទ្ធសាសនាដូចគ្នា ប្រទេសទាំងបីតែងទទួលឥទ្ធិពលគ្នាទៅវិញទៅមកដោយជៀសមិនផុត។

ខ្ញុំសូមអរគុណដល់បងប្អូនដែលបានផ្តល់មតិយោបល់នានា ទាំងចំនុចវិជ្ជមាន និងចំនុចអវិជ្ជមាននានា ហើយខ្ញុំនឹងទទួលយកវាទាំងអស់ ដើម្បីធ្វើការកែប្រែវានៅជំហានបន្ទាប់។ ដោយក្តីគោរព។

លោក ខាំ ភូរិ

បន្ទាប់ពីការបកស្រាយរបស់អ្នកដឹកនាំរឿងភាគនេះ គេសង្ឃឹមថា អ្នកលេងបណ្ដាញសង្គមនឹងឈប់ភ័ន្តច្រឡំបន្តទៀត និងជួយលើកស្ទួយរឿងភាគបុរាណខ្មែរយើងមួយនេះ ដើម្បីឱ្យផលិតករមានកម្លាំងផលិតរឿងដែលមានគុណភាពបន្តទៀត៕

Share.