ក្រុម​ជើង​ឯក​តាម​ពូល​នីមួយៗ​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC U-20 Asian Cup qualification សុទ្ធ​តែ​ទទួល​បាន​​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​​១៦ក្រុម​ចុងក្រោយ ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​គ្រោង​រៀបចំ​នៅ​ប្រទេស​អ៊ូបេគីស្ថាន ក្នុង​ខែ​មីនា ឆ្នាំ​២០២៣​ខាង​មុខ។

ក្រុម​ជា​សមាជិក​ទ្វីប​អាស៊ី​ទាំង​៤៤​ក្រុម​បាន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ 2023 AFC U-20 Asian Cup qualification នេះ​ដោយ​បែងចែក​ជា​​១០​ក្រុម ហើយ​ក្រុម​លេខ១​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ខណៈ​ម្ចាស់​ផ្ទះ​អ៊ូបេគីស្ថាន មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ។ ចំណែក​៥ក្រុម​ផ្សេង​ទៀត​គេ​ជ្រើសរើស​យក​ក្រុម​ចំនួន​៥​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​បើ​ធៀប​ក្រុម​លេខ២​មក​ពី​សមាជិក​ទាំង​១០​ពូល។ ប៉ុន្តែ​អ្វីៗ​មិន​ទាន់​ច្បាស់ការ​១០០% សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​លេខ២​ល្អ ព្រោះ​ពូល H មិន​ទាន់​ប្រកួត​នៅ​ឡើយ​នោះ​ទេ។

ពានរង្វាន់ 2023 AFC U-20 Asian Cup ជុំ​ផ្ដាច់ព្រ័ត្រ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ ដល់​១៨ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ប្រទេស​អ៊ូប៊ែគីស្ថាន ដោយ​ក្រុម​ទាំង​១៦ ត្រូវ​បែងចែក​ជា​​៤ពូល ខណៈ​ក្រុម​លេខ​១និង​លេខ​២តាម​ពូលមាន​ឈ្មោះ បន្ត​កៅអី​ឡើង​ទៅ​វគ្គ​​៨ក្រុម​ចុងក្រោយ​ហើយ​បន្ត​ជម្រុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

អត្ថបទពាក់ព័ន្ធ៖ម្ចាស់ផ្ទះតាហ្ស៊ីគីស្ថានឡើងទៅជុំបន្ត ខណ:កម្ពុជា, សិង្ហបុរី និងលីបង់ ហាលអាវត្រលប់ទៅផ្ទះវិញ

ពានរង្វាន់ AFC U20 Asian Cup រៀបចំ​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥៩ ដោយ​ធ្វើ​ឡើង​រាល់១ឆ្នាំ​ម្តង ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​​២០០៨ មាន​ការ​ផ្លាស់​ប្តូរ​រៀបចំ​រាល់​២ឆ្នាំ​ម្តង។ ក្រុម​កូរ៉េខាងត្បូង ឈ្នះ​ជើង​ឯក​បាន​ច្រើន​លើក​ជាង​គេ​រហូត​ដល់១២​ដង ស្រប​ពេល​ដែល​បច្ចុប្បន្ន ក្រុម​លេខ​​ដល់​លេខ៤ មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី​ចូលរួម​ប្រកួត​ពានរង្វាន់ FIFA U20 World Cup ផង​ដែរ៕

Share.