តារាចម្រៀង ករុណា ពេ​ជ្រ ត្រូវបានគេដឹងថា ខកខានចេញបទចម្រៀងនៅផលិតកម្មថោនអស់រយៈពេលយូរណាស់ដែរហើយ នោះក៏ដោយសារតែលោកមមារញឹកជាមួយរបរក្រៅសិល្បៈ។ ក៏ប៉ុន្តែថ្មីៗនេះ លោកបានត្រឡប់មកសិល្បៈចម្រៀងលើកនេះ តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងជាង ដោយសារតែបទចម្រៀងរបស់លោក គឺសុទ្ធតែបង្ហាញពីសក្ដានុពលទេសចរណ៍តាមតំបន់នៅក្នុងប្រទេសកម្ពុជា។

ជាក់ស្ដែងនាពេលថ្មីៗនេះ លោក ករុណា ពេ​ជ្រ បានបញ្ចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «ភ្នំព្រឹកនឹកភ្នំពេញ» មិនថាតែអត្ថន័យនៃបទចម្រៀង ឬរូបភាពនោះទេ គឺលោក និងក្រុមការងារចុះផ្ដិតយកនូវទេសភាពដ៏ស្រស់ត្រកាលតែម្ដង។ បទនេះទទួលបានការគាំទ្រច្រើន នៅពេលដែលហ្វេនរបស់លោកក៏បានបញ្ចេញមតិលើកទឹកចិត្ត​ដល់​ចំពោះការចូលរួមលើកស្ទួយតំបន់ទេ​សចរណ៍​ក្នុងស្រុកនេះដែរ ព្រោះលោកជាសិល្បករម្នាក់​ពិតជា​បានចូលរួមជួយសង្គមជាតិស្ដែងតាមរយៈការបង្ហាញបទចម្រៀង។ បទនេះ ត្រូវបានដឹកនាំសម្ដែងដោយលោក ផល ពេជ្រសីហា ដែលគេដឹងថា ជាអ្នកដឹកនាំសម្ដែងឆ្នើមមួយរូប ដែលមានទឹកដៃក្នុងការចាប់យកប្លង់ស្អាត ប្រចាំឱ្យផលិតកម្មថោន។

នេះជាបទចម្រៀងទី២ហើយរបស់លោក ​ករុណា ពេ​ជ្រ ដែលច្រៀងនិងថតផ្តិតយកតំ​បន់ទេសចរណ៍របស់​ខេត្តនោះផ្ទាល់ឱ្យត្រូវអត្ថន័យបទចម្រៀង​តែ​ម្ដង ស្របពេលដែលចម្រៀងទី១លោកបទ«មន្ដស្នេហ៍ កំពង់​ស្ពឺ»ក៏ឆ្លុះបញ្ចាំង​ពីតំបន់ទេស​ចរណ៍ដ៏ស្រស់​ត្រកាល​របស់ខេត្តនោះដែរ។ ប៉ុន្ដែមិនមែនចេញត្រឹមតែ២បទនោះទេ តែលោកពេជ្រ ធ្លាប់ប្រាប់ថាលោកនិងក្រុមការ​ងារ​ផលិតថោន នឹងផលិតបទចម្រៀងទាក់ទងតំបន់ទេសចរណ៍​ឱ្យបានទូទាំង​២៥ខេត្តក្រុងដើម្បីឱ្យមហាជនបាន​ស្គា​ល់​​និងទៅកម្សាន្ដតាមរមណីដ្ឋាន​ក្នុងខេត្តនីមួយ​ឱ្យកាន់តែ​ច្រើន​ថែម​ទៀត។

តាមការបង្ហើប គេបានដឹងថា តារាចម្រៀងប្រុសរូបនេះត្រៀមសម្រុកស្នាដៃបន្តបន្ទាប់ទៀត ដោយលោកផ្ដោតលើការរៀបចំចេញបទថ្មីៗទាក់ទងវិស័យទេសចរណ៍នៅតាមបណ្ដាខេត្តផ្សេងៗទៀត៕

Share.