ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបំពេញទស្សនកិច្ចប្រទេសថៃ និងបានជួបជាមួយសមភាគីថៃ គឺឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពភូមិន្ទថៃ។ ប្រមុខកងទ័ពជើងគោកនៃប្រទេសភូមិផងទាំងពីរ បានបង្ហាញការពេញចិត្តដូចៗគ្នាចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងប្ដេជ្ញាពង្រឹងមិត្តភាព និងទំនុកចិត្តលើគ្នា។

«សមភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ រវាងកងទ័ពជើងគោកទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសជាតិទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម»។ នេះជាសម្រង់ខ្លឹមសារនៃជំនួបផ្ដល់ដោយក្រុមការងារព័ត៌មានឯកឧត្តម ហ៊ុន ម៉ាណែត។

បើតាមប្រភពដដែល ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានរំឭកឡើងវិញអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការរបស់ រូបឯកឧត្តមផ្ទាល់នៅក្រកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប្រមុខកងទ័ពជើងគោកថៃក៏បានកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានិយាយជារួម និងនិយាយដោយឡែក អំពីការអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការបោះជំហានជាក់ស្តែងទៅមុខគួរឱ្យកត់សម្គាល់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុង «ភាពជាដៃគូសន្តិភាព និងវិបុលភា» និងបានចាត់ទុកថាដំណើរទស្សនកិច្ចលើកនេះជាសក្ខីភាពនៃការបន្តរក្សានូវទំនាក់ទំនងដ៏ល្អជាប្រពៃណី និងប្រកបដោយអត្ថន័យសម្រាប់កងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ ក៏កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទាំងក្នុងដំណាក់កាលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ និងដំណាក់កាលនៃការងើបឡើងវិញចេញពីវិបត្តិនេះ។

ក្នុងជំនួបនោះដែរ សមភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននានា ដូចជា ការកាប់ឈើខុសច្បាប់, ចរាចរណ៍គ្រឿងញៀន និងការជួញដូរមនុស្ស ក៏ដូចជាការរក្សាបាននូវទំនាក់ទំនងការងារជាប់ជាប្រចាំរវាងថ្នាក់យោធភូមិភាគ និងកិច្ចសហការផ្ទាល់រវាងអង្គភាពជួរមុខ ទោះបីមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ និងថានៅចំពោះមុខស្ថានការណ៍ជាយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗ កងកម្លាំងនៃប្រទេសទាំងពីរ តែងបានយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕

Share.