ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រមូលកងទ័ពក្រោមឱវាទ មកស្ដាប់សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលដាក់បទបញ្ជាម៉ឺងម៉ាត់លើការងារ​បង្រ្កាបល្បែងស៊ីសងខុសច្បាប់។ កិច្ចប្រជុំផ្សព្វផ្សាយសារសំឡេងសម្ដេចតេជោ បានធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចាក់ផ្សាយសារសំឡេងពិសេសទាំងស្រុងរបស់សម្ដេចតេជោ ជូនសមាជិកអង្គពិធីដើស្ដាប់ និងបានណែនាំដល់មេបញ្ជាការគ្រប់អង្គភាពនិងស្ថាប័នការិយាល័យចំណុះ ព្រមទាំងយោធិនទាំងអស់ ចូលរួមអនុវត្តន៍ជាដាច់ខាត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ផ្ដើមចេញពីយោធិនម្នាក់ៗ និងក្រុមគ្រួសារនីមួយៗមិនមានអ្នកណាម្នាក់លេងល្បែងស៊ីសងខុសច្បាប់ ដែលនាំឱ្យខូចផលប្រយោជន៍ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានយកឱកាសនោះក្រើនរម្លឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី អនុវត្តឱ្យបានជោគជ័យគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ យោធិនគ្រប់រូប និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តគាំទ្របទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន និងចូលរួមសហការអនុវត្តន៍តាមបទបញ្ជានេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារពិសេសកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ណែនាំឱ្យមន្រ្តីមានមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ដោយភ្ជាប់ទៅនឹងការព្រមានដកតំណែងចោល ប្រសិនបើមន្រ្តីណាម្នាក់ធ្វេសប្រហែសក្នុងការងារនេះ ឬត្រូវបានរកឃើញថាជាប់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ទាំងល្បែងអនឡាញ និងល្បែងតាមមូលដ្ឋាន។

នៅថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ក៏បានបើកិច្ចប្រជុំណែនាំបន្ថែមលើការងារបង្ក្រាបល្បែងស៊ីសងនេះ ដោយក្នុងនោះ សម្ដេចបានផ្ដល់ទស្សនាទានដាស់តឿនក្រើនរំលឹកថាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាត្រូវដើរតាមបន្ទាត់នីតិរដ្ឋ មិនមែនអាស្រ័យលើល្បែងស៊ីសងនោះទេ។ សម្ដេចអះអាងថាការអនុវត្តវិធានការនេះ ក៏ជាការវាស់ស្ទង់មើលឆន្ទះ និងសមត្ថភាពថ្នាក់ដឹកនាំ ពិសេសរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែរថាមានទំនួលខុសត្រូវកម្រិតណាក្នុងការបម្រើជាតិ និងប្រជាជន។

ដោយមានសារសំឡេងសម្ដេចតេជោគោលការណ៍ សម្ដេចក្រឡាហោម ស ខេង បានសម្រេចបែងចែកការដឹកនាំបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាប្រភេទល្បែងអនឡាញឱ្យឯកឧត្តម សន្តិបណ្ឌិត សុខ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលខុសត្រូវបង្ក្រាប ខណៈល្បែងតាមមូលដ្ឋានប្រគល់ជូនរដ្ឋបាលរាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវបង្ក្រាប។

សូមបញ្ជាក់ថាក្រៅពីជាប្រភពនៃការបំភ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសុភមង្គលក្រុមគ្រួសារ ព្រមទាំងបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់តាមមូលដ្ឋានហើយនោះ ល្បែងស៊ីសងខុសច្បាប់នេះ ក៏បានបង្កឱ្យមានបទល្មើសជួញដូរមនុស្ស បង្ខាំងមនុស្ស និងបទល្មើសជួញដូរកម្លាំងពលកម្មផងដែរ ពិសេសនៅទីតាំងលេងល្បែងអនឡាញខុសច្បាប់ដែលភាគច្រើនមានវត្តមាននៅខេត្តព្រះសីហនុ៕

Share.