ក្រុមកីឡាករ-កីឡាការិនីកំពុងត្រៀមខ្លួនយ៉ាងល្អ និងកំពុងត្រៀមចេញទៅប្រកួតព្រឹត្តិការណ៍ Davis Cup 2022 ( Group IV ) នៅប្រទេសបារ៉ែន ដែលគ្រោងចេញដំណើរនៅថ្ងៃទី១២ ខែតុលា និងត្រឡប់មកវិញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា ការចេញដំណើរគឺនឹងទៅឲ្យបានមុនការចាប់ផ្ដើមកម្មវិធីប្រកួតពី ៣ ទៅ ៤ថ្ងៃ ព្រោះក្នុងគោលបំណងហ្វឹកហាត់នៅទីនោះ ឲ្យបានសមជាមួយអាកាសធាតុ និងបានសម្រាកគ្រប់គ្រាន់។ ឆ្នាំនេះ កម្ពុជាគឺមានមហិច្ឆតាទៅប្រកួតដណ្ដើមយកជ័យជម្នះ ធ្វើយ៉ាងណាឲ្យបានឡើងមកកាន់ Group III វិញ បន្ទប់ពីបានធ្លាក់ទៅ Group IV។

«ការចេញទៅលើកនេះ យើងជឿថា យើងនឹងទទួលបានលទ្ធផលល្អមិនខាន។ យើងមានមហិច្ឆតា ចង់ដណ្ដើមយក Group III មកវិញ ព្រោះតែយើងក៏បានប្រឹងប្រែងខ្លាំងមកដែរមួយរយៈពេលមកនេះ។ ឆ្នាំនេះ យើងឃើញថា កីឡាករ-កីឡាការិនីយើង មានសមត្ថភាពរីកចម្រើនច្រើនជាងមុនខ្លាំង»។ នេះជាការលើកឡើងរបស់លោក ជា ពៅ។

គ្រូបង្វឹកដដែលបន្ថែមថា កីឡាករដែលត្រូវទៅប្រកួត មាន ប៊ុន កេន្នី, ឡុង សំនៀង, ឃ្លាំង ពន្លក, ក្រូសលីន ម៉ាធីវដាវីត និង ឡេង សារិនរាជ។ ក្រៅពីនេះ ក៏មានគ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យផ្នែកចលនា និងថ្នាក់ដឹកនាំ សរុបទាំងអស់ ៩នាក់៕

Share.