បាត់ដំបង÷ នគរបាលជំនាញខេត្តបាត់ដំបង បាននាំខ្លួនស្ត្រីម្នាក់ទៅសាកសួរដោយសារពាក់ព័ន្ធប្រើហិង្សាលើកុមារជាកូនហើយបង្ហោះក្នុងបណ្តាញសង្គម។

នៅវេលាថ្ងៃត្រង់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២នេះកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយនគរបាលមូលដ្ឋានស្រុកសំពៅលូន បានចុះស្រាវជ្រាវរហូតរកឃើញស្ត្រីជនបង្កប្រើហិង្សាយ៉ាងតក់ស្លុតលើកុមារីជាកូន ដែលបានធ្វើសកម្មភាពបំពានច្បាប់រួចបង្ហោះជាសារធារណ:លើបណ្តាញសង្គមនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីស្រទាប់មហាជន។

ក្រោយការភ្ញាក់ផ្អើលពីការបង្ហោះវីដេអូឃ្លីបរយ:ពេល ០៨វិនាទីលើបណ្តាញហ្វេសប៊ុក ដែលមានឈ្មោះ ពលករកូរ៉េខាងត្បូង ភ្លាមៗទាក់ទងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់បញ្ជាយ៉ាងដាច់ណាត់ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវ បន្ទាន់រហូតកំណត់មុខសញ្ញាពាក់ព័ន្ធឃើញដែលបានប្រព្រឹត្តនៅភូមិអូរចំណិប ក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ស្រី្តដែលបង្កហិង្សាខាងលើមានឈ្មោះពេជ្រ កយ អាយុ ២៩ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំពោះមុខនេះជនបង្កកំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីបញ្ជាក់លម្អិតពីគោលបំណង និងចាត់ការតាមវិធានការច្បាប់៕

អត្ថបទ៖ដំបងក្រញូង

Share.