កំពង់ស្ពឺ៖  ក្មេងស្រីអាយុជាង១ខួបម្នាក់ ត្រូវឪពុកមា ចាប់បោកនឹងគល់ឈើក្រោយផ្ទះ បណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង១០ និង ១៥នាទីព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សពក្មេងស្រីរងគ្រោះមានឈ្មោះ ឈៀង ផាន់នី អាយុ ១៨ខែ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជនដៃដល់ជាឪពុកមា បានបោកទៅនឹងគល់ឈើ បណ្តាលផុងលលាក្បាលហូរឈាមតាមត្រចៀកខាងឆ្វេង។ ចំណែកឯជនដៃដល់មានឈ្មោះ ម៉ែត តូម៉ាភេទប្រុស អាយុ២៤ឆ្នាំ រស់ភូមិកើតហេតុខាងលើជាមួយគ្នា ជាមនុស្សញៀនថ្នាំទើបចេញពីមណ្ឌលកែប្រែ។

លោកអធិការនគរបាលស្រុកថ្ពង បានប្រាប់ឲ្យបណ្តាញសារព័ត៌មានដឹងថា នៅមុនពេលកើតហេតុជនដៃដល់បានដើរទៅបីយកទារិកា រងគ្រោះយកទៅខាងក្រោយផ្ទះដាក់ចោលក្បែរគល់ឈើកន្លែងដែលជនដៃដល់បោក រួចជនសង្ស័យបានទៅរកចបមកកាប់រណ្តៅដីជិតគល់ឈើនោះ ស្របពេលដែលជីតាទារិកា រងគ្រោះឈ្មោះ សាក់ ម៉ែត អាយុ ៥៥ឆ្នាំ ជាឪពុកជនដៃដល់ ឃើញចៅយំបានទៅយកក្មេងស្រីមកទុកលើគ្រែក្រោមផ្ទះវិញ ហើយជីតាមិនចាប់អារម្មណ៍ក៏ទុកចៅនៅគេងលើគ្រែម្នាក់ឯង ឡើងទៅលើផ្ទះបាត់ទៅ។ នៅពេលកាប់រណ្តៅដីរួចជនដៃដល់ បានមកយកជនរងគ្រោះម្តងទៀត យកទៅបោកជាមួយនឹងគល់ឈើបណ្តាលឲ្យផុងលលាក្បាល ហូរឈាមតាមត្រចៀកខាងឆ្វេង ស្លាប់យ៉ាងអាណោចអាធម៌។

បច្ចុប្បន្ន ជនដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី។ ចំណែកសពទារិការងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.