គ្រប់គ្នាដែលបានទស្សនាវីដេអូភាពយន្តស្ប៉តនារដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ពិតជាបានចាប់អារម្មណ៍ចំពោះ តួស្រី «ច័ន្ទ» ដែលជាតួស្រីក្រមិចក្រមើមលេងទឹកមុខគួរឱ្យស្រឡាញ់។ នាងពូកែឆ្លើយសំណួរផ្ដាច់សង្ខាររបស់អ្នកជិតខាង ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង TikTok។ តើនាងជាអ្នកណា?

តារាសម្ដែងវ័យក្មេងរូបនេះមានឈ្មោះថា ខន សូរិយា នាងមានវ័យ ២៤ ឆ្នាំ មានកំពស់ ១៦៥ សង់ទីម៉ែត្រ មានទេពកោសល្យសម្ដែងប៉ិនប្រសប់ ធ្លាប់បានចូលរួមសម្ដែងក្នុង ស្ប៉តពាណិជ្ជកម្មជាច្រើន និងធ្លាប់បានក្ដោបតំណែងជាតួឯកស្រីតាមរយៈរឿងភាគជាច្រើនទៀតដូចជា រឿង «មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស» និងថ្មីៗនេះត្រៀមសម្ដែងរឿង «និស្ស័យស្នេហ៍បេះដូងបួន» ជាតួឯកស្រី ជាមួយនឹងលោក ហៃ ប៉ោហុង ថែមទៀតផង។

កញ្ញា ខន សូរិយា តាមរយៈការបង្ហាញមុខនៅលើភាពយន្តស្ប៉តរដូវកាលភ្ជុំបិណ្ឌចុងក្រោយនេះ នាងទទួលការសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ជាចំពោះការសម្ដែងជាតួអង្គស្រីច័ន្ទនេះតែម្ដង។ ក្រៅពីការសម្ដែងហើយនោះ សូរិយា ត្រូវបានគេឧស្សាហ៍ឃើញមុខនៅលើបណ្ដាញសង្គមអនឡាញន៍តាមរយៈការ Live លក់ផលិតផល និងសម្លៀកបំពាក់។ តារាសម្ដែងស្រីរូបនេះត្រូវបានគេដឹងថា ជាតារាស្រីដែលស្ថិតក្រោមចង្កោមតារាវ័យក្មេងរបស់ Studio 4។

កញ្ញា ខន សូរិយា ក៏មានប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួនទាំង TikTok និង IG ដែលមានឈ្មោះ lovemeenot មានអ្នកតាមដាន Follow រហូតដល់ទៅជាង 11ពាន់នាក់។ បើទោះបីជាពន្លកថ្មីក៏ពិតមែន​ ក៏ប៉ុន្តែតារាស្រីរូបនេះត្រូវបានគេព្យាករណ៍ថា អាចនឹងមានឈ្មោះបោះសំឡេងខ្លាំក្លាតាមរយៈរូបសម្រស់ និងសមត្ថភាព ទេពកោលស្យយ៉ាងប៉ិនប្រសប់ក្នុងវិស័យសម្ដែងរបស់នាង។

Share.