យោងតាមការចុះផ្សាយរបស់គេហទំព័រ GiveMeSport បានឲ្យដឹងថាខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Rodrigo de Paul ស្ម័គ្រចិត្ត​ធ្វើសង្រ្គាមដើម្បីប្រធានក្រុមរបស់គេគឺ Lionel Messi មិនថាអំឡុងការប្រកួត ឬពេលហ្វឹកហាត់ក៏ដោយ។

នៅ​ក្នុងជំនួបមិត្តភាពអន្តរជាតិដែលក្រុមជម្រើសជាតិអាហ្សង់ទីន​យក​ឈ្នះ ៣-០ លើក្រុមជម្រើសជាតិ​ហុងឌូរ៉ាស់ក្នុងកីឡដ្ឋាន Hard Rock ដោយកីឡាករ Messi រក​បាន២គ្រាប់ និង Martinez រក​បាន​មួយ​គ្រាប់។

អំឡុងការប្រកួតនៅ​នាទី៣៨’ កីឡាករ Deiby Flores បានប៉ះធ្វើឲ្យ Messi ដួល, ស្រាប់តែ​កីឡាកររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរួមទាំង Rodrigo de Paul នាំគ្នារត់ទៅ​តវ៉ា និងស្រែកតឹងសរសៃកដាក់កីឡាករហុងឌូរ៉ាស់ដែលបានប៉ះ Messi។ សម្បីតែពេលថតរូបក្រោយចប់ការប្រកួតក៏ Rodrigo de Paul ព្យាយាមដើរតាមដើម្បីការពារ Messi រហូតចូលដល់បន្ទប់ផ្លាស់សម្លៀកបំពាក់។

ក្រោយចប់ការប្រកួតកីឡាករ Rodrigo de Paul បានថ្លែងប្រាប់គេហទំព័រ GiveMeSport ដូច្នេះថា៖«យេីងនឹងធ្វេីសង្គ្រាមដេីម្បី Lionel Messi ប្រសិនបើគាត់ចង់»។

គួរដឹងថាខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះគឺជាផ្នែកមួយជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពាន Copa America ២០២១ ប្រចាំទ្វីបអាមេរិកខាងត្បូង បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិប្រេស៊ីល ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Maracanã Stadium៕

Share.