ថ្មីៗនេះសារព័ត៌មានត្រយងបានទទួលដំណឹងថា តារាសម្ដែងឯកប្រុស ប៉ែន ភ័ក្រ្តសុធារិទ្ធ បានបង្ហាញមុខចូលរួមក្នុងការប្រកួតវិស័យបុរសឯកក្នុងកម្មវិធី Mister Supranational Cambodia 2023 ដោយដំណឹងនេះបានធ្វើឱ្យអ្នគគាំទ្រ ញាប់ញ័របេះដូងគាំទ្រលោកយ៉ាងពេញទំហឹងតែម្ដង។

តាមការរៀបរាប់ជាផ្លូវការនៅលើហ្វេសប៊ុក Mister Supranational Cambodia បង្ហោះថា ​៖ «ខ្ញុំបាទឈ្មោះ ប៉ែន ភក្រ័សុធារឹទ្ធិ អាយុ27ឆ្នាំ កម្ពស់ 180cm ទម្ងន់ 73គីឡូ សព្វថ្ងៃ ជាតារាសម្ដែងមួយរូប។ ជាបេក្ខជនដែលមានការចាប់អារម្មណ៍ក្នុងការចូលរួមប្រកួតប្រជែង Mister Supranational Cambodia 2023 និងជាបេក្ខភាពមកពី ភ្នំពេញជាបំណងដែលខ្ញុំបានប៉ងជាយូមកហើយដើម្បីចូលរួមប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ»។

យ៉ាងណាមិញ លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ គឺជាតារាសម្ដែងដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈនៃការសម្ដែងរាប់ឆ្នាំមកហើយ លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​លោក​ទើប​ទទួល​បាន​ការងារ​សម្ដែង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ភាគច្រើនលោក​ធ្លាប់​សម្ដែង​ជា​តួអង្គ​ឯក និង​តួអង្គ​សំខាន់ៗ​ក្នុង​ខ្សែភាពយន្ដភាគ ហើយរឿងដែលលោកបានចូលរួមសម្ដែងមិនតិចជាង ៣០ រឿងនោះទេ។ សព្វថ្ងៃនេះ គេមិនសូវឃើញតារាប្រុសរូបនេះសម្រុកថតភាពយន្តដូចមុននោះទេ ហាក់ដូចជាលោកជាតារាកុងត្រាឱ្យផលិតកម្ម។ ក្រៅពីអាជីពសម្ដែង លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ក៏ជោគជ័យមិនស្ទើរជាមួយអាជីពហ្វេសសិន និងបង្ហាញម៉ូដ ដោយលោកមានហាងសម្លៀកបំពាក់ផ្ទាល់ខ្លួន។

លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ពិតជាបានធ្វើឱ្យហ្វេនអ្នកគាំទ្ររបស់លោកហាក់ភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង ក្រោយពីដឹងដំណឹងថា លោកបានសម្រេចចិត្តប្រឡូកចូលក្នុងវិស័យបុរសឯកហើយ ដែលបានឃើញបង្ហាញវត្តមានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational Cambodia ឆ្នាំ2023នេះ។ គេមើលឃើញថា មានអ្នកគាំទ្រជាច្រើននាក់បានជូនពរលោកឱ្យទទួលបានជោគជ័យក្នុងការប្រកួត៕

Share.