ភ្នំពេញ÷ បុរសម្នាក់ខឹងប្រពន្ធ ជិះម៉ូតូដើរបាញ់ពេញក្រុងភ្នំពេញ បណ្តាលឲ្យត្រូវរថយន្តអ្នកដំណើរចំនួន២គ្រឿង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលស្រាវជ្រាវតាមចាប់ខ្លួនបានហើយនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កខាងលើក្រោយពីបាញ់តាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចំនួន៣ លើក ដែលលើកទី១នៅពេលព្រឹក ស្ថិតតាមផ្លូវជាតិលេខ6A ក្បែរវត្តព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ទី២ពេលថ្ងៃត្រង់ នៅក្បែរផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងលើកទី៣ វេលាម៉ោង១និង ៥០នាទីរសៀល ថ្ងៃដដែលនៅផ្លូវជាតិលេខ៤ ចំណុចស្ពានអាកាស កែងមហាវិថីឈ្មះ ឈ្នះ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រួចបានបន្តជិះម៉ូតូរត់គេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិចបាត់ លុះដល់រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យបានបន្តបាញ់មួយគ្រាប់ទៀត ត្រង់ចំណុចសាលាស្រុកអង្គស្នួល ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច ដេញតាមស្ទាក់ចាប់ខ្លួនបាន នៅព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យខាងលើមានឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ភេទប្រុស (មានសារធាតុញៀន) អាយុ៣៦ ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន បានជិះម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JI-3621 ធ្វើ សកម្មភាពដើរបាញ់ពេញក្រុងភ្នំពេញ ដោយប្រើអាវុធខ្លីមួយដើម ម៉ាក G Lock។

ម្ចាស់រថយន្ដរងគ្រោះទី១មានឈ្មោះ សួង បូនិច អាយុ៣៤ឆ្នាំ ខូចខាតរថយន្តម៉ាកកាមរីបាឡែន ពាក់ស្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំមួយគ្រាប់ និងម្ចាស់រថយន្តទី២ឈ្មោះ ណាត បូផាន់ អាយុ២៧ឆ្នាំ ខូចខាតម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយមួយ១គ្រាប់ និងចំថ្ពល់មុខខាងឆ្វេងមួយគ្រាប់។ ក្នុងករណីនេះដែរមិនបណ្តាលឲ្យមានអ្នករបួសនោះទេ គឺខូចខាតតែរថយន្ត។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់ចំនួន៤គ្រាប់ តែត្រូវរថយន្ត៣គ្រាប់ហើយមុនពេលមកដល់ស្រុកអង្គស្នួល គឺខ្លួនបានបាញ់នៅក្រុងភ្នំពេញ ជាច្រើនគ្រាប់រួចមកហើយ ដោយ សារតែខឹងប្រពន្ធ។ បច្ចុប្បន្ន ខ្មាន់កភ្លើងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី ចំពោះសកម្មភាពបាញ់បោះសេរី ឬសិទ្ធកាន់កាប់អាវុធយ៉ាងណានោះ៕

អត្ថបទ៖ ត្រយង

Share.