បាត់ដំបង÷ ជំនន់ទឹកភ្លៀងឡើងខ្ពស់អាជ្ញាធរស្រុកភ្នំព្រឹក និងស្រុកកំរៀងត្រៀម និងអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅកាន់ទីទួលមានសុវត្ថិភាព។

ប្រភពព័ត៌មានពីកងកម្លាំងតំបន់ព្រំដែនបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះថា÷ នៅព្រឹកនេះវរសេនាតូចលេខ ៥៣៤ កងពលតូចលេខ ៥៣ កំពុងចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅចំណុចវាលស្រែ ១០០ ចំណុចអូរធំ ចំណុចក្រោយសាលារៀន ក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹកបានបញ្ជាក់ឲ្យដឹងថា÷ ស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹកមិនទាន់សភាពធ្ងន់ធ្ងរនៅឡើយទេ ព្រោះនៅព្រឹកនេះទឹកបានស្រកថយបន្តិចវិញ ប៉ុន្តែនៅក្នុងចំណុចឃុំបួរ ទឹកបានយាយីដល់ដំណាំផ្សេងៗ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងអូរព្រំដែនត្រឹមចំនួន ១០គ្រួសារប៉ុណ្ណោះដែលកម្លាំងរបស់គណ:បញ្ជាការឯកភាពស្រុកកំពុងអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកទៅកាន់ទីទួលមានសុវត្ថិភាព។

រីឯលោក សុខ ដែន អភិបាលស្រុកកំរៀងបានលើកឡើងដែរថា÷ សម្រាប់មូលដ្ឋានស្រុកកំរៀងមកទល់ម៉ោងនេះនៅទាន់មានទឹកជំនន់ច្រើនគួរឲ្យគាត់សម្គាល់នាំឲ្យប៉ះពាល់ប្រជាពលរដ្ឋនោះទេ។ ចំពោះមុខនេះលោកកំពុងត្រៀមកម្លាំងចំណុះត្រៀមជួយសង្គ្រោះក្នុងករណីទឹកភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃខាងមុខទៀត៕

អត្ថបទ៖​ ដំបងក្រញូង

Share.