បាត់ដំបង÷ ដំណាំស្រូវ និងដំឡូងមីរាប់រយហិកតាបានប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងរយ:ពេលយូរក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២នេះថា ទឹកភ្លៀងបានបន្តធ្លាក់គ្របដណ្តប់យ៉ាងជោកជាំ ពិសេសតំបន់ទំនាបក្នុងភូមិសាស្ត្រស្រុកបវេលរហូត ៤ដំណាក់កាលចាប់តាំងពីដើមខែកញ្ញាមក បានបង្កជាជំនន់អូសបន្លាយពេលយូរបង្កជាបញ្ហាធ្វើឲ្យដំណាំស្រូវ និងដំណាំដំឡូងមីជាច្រើនរយហិកតារងការប៉ះពាល់ និងខូចខាត។

តាមរយ:ការចុះពិនិត្យ និងតាមដានរបស់លោកផ្ទាល់រួមជាមួយមន្ត្រីជំនាញបានវាយតម្លៃឃើញថា ទំហំនៃការប៉ះពាល់ ខូចខាតលើផ្ទៃដីប្រឈមខ្លាំងសរុបមានចំនួន ៤ឃុំធំៗរបស់ស្រុកបវេលរួមមាន: លើភូមិសាស្ត្រឃុំល្វា ប៉ះពាល់ដំណាំស្រូវទេីបព្រោះចំនួន ២៩៥ហិចតា ស្រូវ កំពុងទុំ ចំនួន ៧៦ហិចតា ខូច ខាត ស្រូវព្រោះថ្មី ១២៤ហិចតា ខូច ខាត ស្រូវ ទុំ ៥៥ហិចតា រីឯក្នុងភូមិសាស្ត្រឃុំព្រៃខ្ពស់ ខូចខាតស្រូវដែលច្រូតកាត់រួចចំនួន ១០២ហិចតា ប៉ះពាល់ ស្រូវទេីបព្រោះចំនួន ២៥ហិចតា ស្រូវកំពុងទុំប៉ះពាល់ចំនួន ៤៨៦ហិចតា។ ដោយឡែកក្នុងលើភូមិបឹងសង្កែ ក្នុងឃុំអំពិល៥ដេីម ស្រុកបវេលដដែលប៉ះពាល់ដំណាំស្រូវប្រហាក់ប្រហែល ១២០ហិចតា ខូចខាតប្រមាណ ៧០ហិចតា និងក្នុងភូមិបឹងស្នួល ឃុំអំពិលប្រាំដេីមខាងលើនេះក៏មានការប៉ះពាល់ ដល់ដំឡូងមី របស់កសិករផងដែរដាំដុះក្នុងស្រែប៉ះពាល់ចំនួន ៦០ហិចតា និងខូចខាតចន្លោះពី ១៨ ទៅ៣០ហិកតា។

លោក ឈឹម វជិរ៉ា បានបន្តថា បណ្តាឃុំមួយចំនួនក្នុងស្រុកបវេល ដែលប្រឈមដោយជំនន់ខ្លាំងនេះបានប៉ះពាល់ប្រមាណជា ៤០% ប៉ុន្តែក្នុងករណីចាប់ពីពេលនេះតទៅបើផ្ទៃមេឃអាចរាំងឈប់បន្តភ្លៀងនោះស្ថានភាពដំណាំស្រូវដែលរងការប៉ះពាល់នេះនឹងអាចស្រោចស្រង់ល្អឡើងវិញបាន។ ក្រៅពីភូមិសាស្ត្រស្រុកបវេលដែលរងការប៉ះពាល់ខាងលើ បណ្តាស្រុកដទៃទៀតក្នុងខេត្តបាត់ដំបង ទាំងមូលកម្រិតប៉ះពាល់ត្រឹមតិចតួចប៉ុណ្ណោះ៕

អត្ថបទ៖ ដំបងក្រញូង

Share.