ភ្នំពេញ៖​ រដ្ឋបាលខេត្តកំពង់ស្ពឺ​កាលថ្ងៃទី ​២៧ ខែកញ្ញា ២០២២ម្សិលមិញនេះបានប្រកាសឱ្យប្រជាពលរដ្ឋ​ដែលរស់នៅខាលើទ្វារទឹករលាំងជ្រៃ ​និងតំបន់​ទំនាប​តាមបណ្ដោយដងស្ទឹងព្រែកត្នោត​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ​បង្កើនការប្រុងប្រយ័ត្ន និងស្វែង​រកទីទួលសុវត្ថិភាព​ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់​ ធ្វើឱ្យទឹកដងស្ទឹង​ព្រែកត្នោត​ហក់​ឡើងលឿន។

ហើយស្ថានភាពបែបនេះ ​ធ្វើឲ្យទឹកស្ទឹងព្រែកត្នោត​ផ្នែកខាងក្រោម​អាចបង្កឱ្យមាន​ការលិចលង់តំបន់ជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់​ ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ​ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត​បងប្អូនប្រជាពលរដ្ឋផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើ និងខាងក្រោម​ទ្វារទឹក​រលាំង​ជ្រៃបណ្តោយស្ទឹងព្រែកត្នោតជាពិសេសតំបន់ងាយរងគ្រោះ ត្រូវត្រៀមលក្ខណៈឲ្យរួច​ជា​ស្រេច ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីជៀសវាងកើត​មាន​គ្រោះ​ថ្នាក់ផ្សេងៗ ព្រោះស្ថានភាពទឹកកំពុងហក់ឡើងជាបន្តបន្ទាប់។​

អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ត្រៀមលក្ខណៈ​ជាស្រេច និងប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ តាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ខេត្តកំពង់​ស្ពឺនឹង​ទទួលរងឥទ្ធិពលព្យុះទី១៦ ដូចបណ្ដាខេត្តដទៃផ្សេងទៀតដែរ៕

អត្ថបទ៖ ត្រយង

Share.