កំពង់ស្ពឺ ៖ បុរស២នាក់ យកស្ត្រីម្នាក់ធ្វើជាប្រពន្ធរួមគ្នា ហើយការរស់នៅក៏រួមគ្នាទាំង៣នាក់ ក្រោមដំបូលផ្ទះតែមួយ រហូតដល់មានកូនស្រីរួមគ្នា ក៏ប៉ុន្តែការស្រឡាញ់ ការប្រកាន់ ចំពោះកូន ធ្វើឲ្យផ្ទៃក្នុងគ្រួសាររង្គោះរង្គើរ ប្រេះឆារវាងប្តីទី១ និងប្តីទី២ ប្រកាន់កូនរៀងខ្លួន ខណៈដែលកូនស្រីម្នាក់ ជាកូនរួមគ្នាសោះ ស្រាប់តែនៅវេលាម៉ោង៩និង៣០យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បុរសជាប្តីទី២ ផ្ទុះកំហឹងខឹងលើបុរសជាប្តីទី១ និងចោទប្រកាន់ថា យកកូនគេចចេញពីផ្ទះ ទ្រាំងលែងបាន វាយបុរសជាប្តីទី១នឹងខ្នងកាំបិទផ្កាក់ បែកក្បាលហូរឈាមកក្លាក់ ។

ក្រោយទទួលបានព៍ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបុរសជាប្តីទី២ ដល់ផ្ទះនៅចំណុចក្នុងក្រុមហ៊ុន H L H ស្ថិតនៅក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងប្តីទី១ (ជនរងគ្រោះ) មានឈ្មោះ យ៉ាង សាវន អាយុ៥៤ឆ្នាំ ។ ភាគីខាងប្តីទី២ មានឈ្មោះ ព្រិន ផាន់ណា អាយុ៣៤ឆ្នាំ ( ជាជនបង្ក ) ។ ចំណែកតួរអង្គស្រី មានឈ្មោះ កុល ខិណា អាយុ៣២ឆ្នាំ ។

សមត្ថកិច្ចបន្តទៀតថា បុរសទាំង២នាក់ យកស្ត្រីម្នាក់ខាងលើធ្វើជាប្រពន្ធរួមគ្នា អ្នកទាំង៣ រួមរស់នៅជាមួយ នៅចំណុចកើតហេតុ លុះដល់បានកូនស្រីម្នាក់ បែជាធ្វើឲ្យបុរសជាប្តីទាំង២នាក់ ចិញ្ចឹមចិត្តប្រកាន់ថាកូនរៀងខ្លួន រហូតដល់ថ្នាំងថ្នាក់ ខ្នក់ចិត្ត បញ្ហាក្នុងគ្រួសារបែជាលែងមានសេចក្តីសុខដូចគ្រាដើម ភាគីប្តីទី១ ចេះតែយកកូនចេញទៅបាត់ៗ ទើបធ្វើឲ្យភាគីទី២ខឹង ទ្រាំលែងបាន នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ប្តីទី២ ទាញបានកាំបិតផ្កាក់ យកទៅវាយក្បាលប្តីទី១ តែខាងខ្នងកាំបិត បណ្តាលឲ្យបែកហូរឈាម ត្រូវបានស្ត្រីជាប្រពន្ធនាំយកទៅពេទ្យ ។

ករណីហឹង្សាដោយសារកូនរួមខាងលើ លុះដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខំតែលួចសរសើរកន្លងមក ហើយត្រូវបានសមត្ថកិច្ចចុះទៅឃាត់នាំជនបង្កទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានស្រុក រួចបញ្ជូនខ្លួនទៅកាន់ស្នងការខេត្ត ដើម្បីបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.