ភ្នំពេញ ៖ ទីតាំងល្បែងសុីសងតាមអនឡាញ មួយកន្លែងរបស់ជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្ស៧នាក់ ស្រី១នាក់ ក្នុងនោះបុរសជនជាតិខ្មែរ ជាអ្នកបកប្រែ១នាក់ ដកហូតបានសម្ភារៈមួយចំនួន បន្ទាប់ពីរកឃើញទីតាំងហាងចិចខាងលើលួចបើកលេងល្បែងសុីសងតាមអនឡាញដោយខុសច្បាប់ ។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅហាងស្កាយណេត អុីនធើណេត កាហ្វេ តាមផ្លូវបេតុង ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរសង្កាត់បានឲ្យដឹងថា កន្លងមកខាងអាជ្ញាធរធ្លាប់បានអប់រំ ណែនាំ ជុំវិញការបើកលេងល្បែងសុីសង តាមអនឡាញដោយខុសច្បាប់ តែមកដល់ពេលនេះនៅតែឃើញជនជាតិចិនទាំងនោះ លួចបើកលេង ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សង្កាត់ ចុះបង្ក្រាប់ ឃាត់ខ្ួនមនុស្ស៧នាក់ ស្រី១នាក់ បុរសជនជាតិខ្មែរ ជាអ្នកបកប្រែ១នាក់ ដកហូតបានទូរទស្សន៍ចំនួន៣៨គ្រឿងផងដែរ ។

បន្ទាប់ពីចុះបង្ក្រាបឃាត់ខ្លួនមនុស្សទាំង៧នាក់ និងសម្ភារៈ ពាក់ព័ន្ធ អាជ្ញាធរប្រគល់ឲ្យអាវុធហត្ថខណ្ឌ យកទៅសាកសួរនិងកសាងសំណុំរឿង តាមនីតិវិធី រីឯទីតាំងខាងលើត្រូវបានបិទផ្អាកជាបណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.