ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភា នាឱកាសបើកសម័យប្រជុំលើកទី៨ នីតិកាលទី៦ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជឱង្កាបង្ហាញការសព្វព្រះទ័យជាខ្លាំង ចំពោះការបើកប្រទេសឲ្យដំណើរការការងារលើគ្រប់វិស័យជាប្រក្រតីឡើងវិញ។

«ស្ថានភាពដ៏ល្អប្រសើរដែលយើងទទួលបានដូចសព្វថ្ងៃគឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូសហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ»។ នេះជាសម្រង់ព្រះរាជសារព្រះករុណាអម្ចាស់ជីវិតលើត្បូង។

បើតាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវ គោលនយោបាយគាំពារសង្គមនានាដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកនេះ ក្នុងនោះគោលនយោបាយស្រោចវាក់សាំងរបស់រាជរដ្ឋាភិបាលបានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ដោយប្រជាពលរដ្ឋទាំងមូលទទួលបាននូវសុខភាពល្អបរិបូរណ៍ អារម្មណ៍ស្រស់ស្រាយ ចេញប្រកបជីវភាពការងារឡើងវិញ ដោយសុវត្ថិភាពនិងការជឿជាក់។

រដ្ឋសភាបានបើកស័យប្រជុំលើកទី៨ នីតិកាលទី៧ ក្រោយពីវិស្សមកាលមួយរយៈ។ សម្រាប់សមាជិករដ្ឋសភា វិស្សមកាលមិនមែនជាពេលវេលាត្រូវសំរាកដូសសិស្ស ឬនិស្សិតនោះទេ ប៉ុន្តែគឺជាពេលវេលាដែលសមាជិករដ្ឋសភាទាំងអស់​ ដែលបើតាមពាក្យសាមញ្ញាគឺត្រូវមូលជើងខោនិងដៃអាវចុះទៅកាន់មូលដ្ឋានដើម្បីក្ដាប់មតិយោបល់ កង្វល់ សំណើរ ឬសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ។ កណីខ្លះសមាជិករដ្ឋសភាអាចធ្វើសកម្មភាពផ្សេងៗដើម្បីដោះស្រាយនៅនឹងកន្លែងជាមួយអាជ្ញាធរពាក់ព័ន្ធ និងករណីខ្លះទៀតសមាជិកសភាអាចនាំបញ្ហាទាំងនោះមកដាក់ក្នុងវេទិកាសភាតែម្ដង។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រក៏បានកោតសរសើរ និងអរគុណ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ លើការងារអនុម័តច្បាប់នានា ដើម្បីឲ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរដ្ឋសភាបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវអំពីចំណុច វិជ្ជមាន អវិជ្ជមាន និងវិធីសាស្ត្រនានា ដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូដ-១៩ បានយ៉ាងជោគជ័យ៕

Share.