ខ្សែ​ប្រយុទ្ធ​Lionel Messi សមាជិក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កំពុង​ប្រកប​អាជីព​នៅ​ក្លិប Paris Saint-Germain F.C នៅ​ប្រទេស​បារាំង បាន​បញ្ជាក់​​ថ្មីៗនេះ​ថា ការ​ប្រកួត​​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ឆ្នាំនេះ​នៅ​ប្រទេស​កាតា នឹង​ក្លាយ​ជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup) ចុងក្រោយនៃ​អាជីព​របស់​គេ។

ថ្លែង​ទៅ​កាន់​​សារព័ត៌មាន ESPN កីឡាករ​វ័យ៣៥ឆ្នាំរូបនេះ បាន​ប្រកាស​ព័ត៌មាន​អំពី​អនាគត​របស់​ខ្លួន ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា៖«នេះ​នឹង​ក្លាយ​ជា World Cup ចុងក្រោយ​របស់​ខ្ញុំ»។

Messi នឹង​ចូល​លេង​ក្នុង World Cup ជា​លើក​ទី ៥ របស់​គេ នៅ​ប្រទេស​កាតា ខណៈ​កន្លង​មក​ធ្លាប់​​ស៊ុត​បញ្ចូល​ទី​បាន ៦ គ្រាប់ ក្នុង​ការ​ប្រកួត ៤ លើក​មុនៗ ៤ ក្នុង​ចំណោម​នោះ​បាន​កើតឡើង​ក្នុង​ឆ្នាំ ២០១៤ នៅ​ពេល​ដែល​តារា PSG រូប​នេះ បាន​ជួយ​ឲ្យ​អាហ្សង់ទីន ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ពួកគេ​បាន​ចាញ់​អាល្លឺម៉ង់ ១-០ បន្ទាប់ពី​ម៉ោង​បន្ថែម។

កំណត់ត្រា​របស់ Messi សម្រាប់​អាហ្សង់ទីន គឺ​រក​បាន ៩០ គ្រាប់ ក្នុង ១៦៤ ប្រកួត ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី ៣ សម្រាប់​ជម្រើស​ជាតិ បន្ទាប់ពី Cristiano Ronaldo (១១៧) និង Ali Daei របស់​អ៊ីរ៉ង់ (១០៩)។

Messi ក៏​ធ្លាប់​បាន​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​ចាញ់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ទល់នឹង​ស៊ី​លី ប៉ុន្តែ​គេ​​ត្រូវ​បាន​ប្រធានាធិបតី​របស់​អាហ្សង់ទីន ទទូចសុំ​​ឱ្យ​បន្ត​ជួយ​ជម្រើស​ជាតិ​ទៀត ហើយ​​តាំង​ពី​ពេល​នោះ​មក គេ​បន្ត​កៅអីជា​បន្ត​ក្រុម​រហូត​ដល់​បច្ចុប្បន្ន។

គួរបញ្ជាក់ដែរថាសម្រាប់ពានរង្វាន់ 2022 FIFA World Cup Qatar ដែលប្រទេសកាតា ជាម្ចាស់ផ្ទះ ក្រុមជម្រើជាតិអាហ្សង់ទីន ស្ថិតនៅ​ពូល C ជាមួយ អារ៉ាប៊ីសាអូឌីត​, ម៉ិកស៊ិក និង​ប៉ូឡូញ៕

Share.