ករណីដែលកំពុងតែផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ នៅពេលឃើញរូបភាពរបស់លោក ថុល សុភិទិ ជាមួយនឹងក្រុមម៉ូតូធំ ត្រូវបានកម្លាំង គយ និងរដ្ឋាករ ចុះចាប់ពន្ធកាលពីព្រឹកមិញនេះ បានធ្វើក្រុមការងាររបស់លោក ថុល សុភិទិ មានការប្រតិកម្មយ៉ាងខ្លាំងចំពោះ សកម្មភាពចែកចាយរូបភាពនិងដំណឹងនៅលើបណ្ដាញសង្គម ទាំងមិនបានបញ្ជាក់ពីសាមីខ្លួន។

ក្នុងនោះដែរ លោក វណ្ណាដា ដែលជាក្រុមការងាររបស់លោក ភិទិ បានបំភ្លឺប្រាប់អ្នកសារព័ត៌មានត្រយងថា «មែនទែនទៅ លោក ថុល សុភិទិ គឺជាសិល្បករដែលចុះទៅសម្ដែងច្រៀងជាមួយនឹងក្រុមម៉ូតូធំ មិនមែនជាអ្នកចូលរួមជិះម៉ូតូឬក៏ជាម្ចាស់ម៉ូតូធំនោះឡើយ ។ លោកត្រូវបានអញ្ជើញចូលរួមសម្តែងច្រៀងនារសៀលនេះដើម្បីជាការអបអរខួបគម្រប់៨ឆ្នាំនៃក្រុមម៉ូតូ ETF ។» លោកបានបន្តឲ្យដឹងផងដែរថា «ចំពោះរូបភាពដែលត្រូវថតបាន និង បង្ហោះចែកចាយនោះ តាមពិតទៅ ភិទិ ក៏ដូចជាសាធារណជនផ្សេងៗទៀត ដែលឈរមើលប្រតិបត្តិការរបស់កម្លាំង គយ និង រដ្ឋាករប៉ុណ្ណោះ» ។

លោក វណ្ណាដា បានបញ្ជាក់ទៀតថា «លោក ថុល សុភិទិ មិនបានធ្វើដំណើរដោយម៉ូតូនាព្រឹកនេះនោះទេ ក៏ប៉ុន្តែលោកធ្វើដំណើរដោយរថយន្តជាមួយនឹងលោកផ្ទាល់ ដូច្នេះលោកសូមអំពាវនាវនិងសង្កត់ធ្ងន់ៗឲ្យមហាជន អ្នកលេងបណ្ដាញសង្គម មេត្តាកុំយល់ច្រឡំចំពោះបញ្ហានេះតទៅទៀត»។ លោកសង្ឃឹមថានឹងមិនមានការបង្ហោះចែកចាយរូបភាព និង ខ្លឹមសារដោយ មិនមានមូលដ្ឋានច្បាស់ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងប្រុសរូបនេះ ក៏ដូចជាអ្នកផ្សេងៗទៀតជាខ្លាំង៕

Share.