ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុត​បាន​បញ្ចូលទី​១​គ្រាប់​កាល​ពី​យប់​មិញ​នេះ​​ក្នុង​ការ​រួម​ចំណែក​ជួយ​ឲ្យ​ក្លិបបិសាចក្រហម Manchester United យក​ឈ្នះ​ម្ចាស់​ផ្ទះ Everton ដោយ​លទ្ធផល ១-២ ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​៩​នៃ​លីគ​កំពូល​អង់គ្លេស English Premier League 2022/23។

ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​បាន​តែ​៥​នាទី​ប៉ុណ្ណោះ​​ក្រុម​ម្ចាស់​ផ្ទះ​របស់​លោក​ Frank Lampard ស៊ុត​បាន​សម្រេច​នាំ​មុខ ១-០ ដោយ​កីឡាករ Iwobi ប៉ុន្តែ​ចូល​ដល់​នាទី​ទី​១៥ សមាជិក​ថ្មី​ទើប​ទិញ​ពី Ajax កីឡាករ​ប្រេស៊ីល Antony ស៊ុត​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ ១-១ មុន​ពេល​ Cristiano Ronaldo ដែល​ទើប​ប្តូរ​ចូល​ជំនួស Martial ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី​៤៤ បន្ទាប់​ពី​មិត្ត​រួម​អាជីព​តាំង​ពីនៅ Real Madrid កីឡាករ Casemiro បញ្ជូន​បាល់​ឲ្យ​យ៉ាងស្អាត។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះរកបានគ្រាប់បាល់ទី៧០០ក្នុងអាជីពសម្រាប់ក្លិបបាល់ទាត់ចំនួន៤ផ្សេងគ្នាដូចជា Real Madrid ចំនួន៤៥០គ្រាប់ក្នុងការបង្ហាញខ្លួន៤៣៨ប្រកួត Man United ចំនួន១៤០គ្រាប់ ក្នុងការបង្ហាញខ្លួន៣៤០ប្រកួត Juventus ចំនួន១០១គ្រាប់ ក្នុងការបង្ហាញខ្លួន១៣៤ប្រកួត និងក្លិបដំបូង Sporting Lisbon ចំនួន៥គ្រាប់ ក្នុងការបង្ហាញខ្លួន៣១ប្រកួត។

បច្ចុប្បន្នក្លិបបាល់ទាត់ Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag កំពុងស្ថិតនៅលេខរៀងទី៥ ក្រោយឆ្លងកាត់៨ប្រកួត ឈ្នះ៥ និងចាញ់៣ មាន១៥ពិន្ទុ ខណ: Arsenal ស្ថិតនៅកំពូលតារាង ជាមួយ២៤ពិន្ទុ៕

Share.