ក្រោយ​ពី​មាន​ការ​រិះគន់​ចំពោះ​ការ​សម្ដែង​របស់​ខ្លួន​ លោក​ កាវីន​ (Kavin) តួ​ឯក​ប្រុស​ក្នុង​រឿង​ «តម្លង់​៧​សន្តាន​» បាន​ចេញ​មក​ឆ្លើយ​តប​និង​បកស្រាយ​ឱ្យ​អ្នក​ទស្សនា​បាន​យល់​ពី​ការ​សម្ដែង​របស់​ខ្លួន​។

សូម​ចុច​អាន៖ បទ «ស្នាម​ស្នេហ៍​សមុទ្រ​រាម»​ ច្រៀង​ដោយ​ ឱក សុគន្ធ​កញ្ញា​ និង​ ចែម​ ស្រី​ល័ក្ខ​ ចូលចិត្ត​បែប​ណា​ជាង​?

ជេស្ដា (តម្លង់៧សន្ដាន)

វីដេអូ​ឈុត​ក្រៅ​ឆាក​ដែល​តារា​សម្ដែង​សឿនផាន​ ​ផាភួង បាន​បង្ហោះ​លើ​ផេក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១​ មិថុនា​ កន្លង​ទៅ​ទទួល​បាន​ការ​កោត​សរសើរ​ច្រើន ​ចំពោះ​រូប​សម្រស់​របស់​តួឯក​ប្រុស​ស្រី ​ដែល​ស្អាត​ស្រស់​និង​សង្ហា​ស័ក្តិសម​គ្នា។ ប៉ុន្តែ​នៅ​ក្នុង​នោះ​ក៏​មិន​អត់​អ្នក​រិះគន់​​ដែរ​ ​ដោយ​​ពាក្យ​រិះគន់​ភាគ​ច្រើន​ធ្លាក់​ទៅ​លើ​តួ​ឯក​ប្រុស​លោក​ កាវីន​។ លោក ​រង​នូវ​ការ​ស្ដីថា​ខ្លាំង​ពីសំណាក់​អ្នក​បញ្ចេញ​មតិ​ ដែល​បាន​សង្កត់​ធ្ងន់​ទៅ​លើ​អត្តចរិត ​និង ​ការ​សម្ដែង​របស់​លោក​ថា​ សម្ដែង​ដូច​គល់​ឈើ នៅ​រឹង នៅ​ឆ្គង​ សម្ដែង​ស្ពឹក​ និង​ ​សម្ដែង​ដូច​គ្មាន​វិញ្ញាណ​ក្នុង​ខ្លួន​ជា​ដើម​។

តម្លង់៧សន្ដាន

មាន​ឱកាស​បាន​ជួប​សម្ភាសន៍តាមរយៈ​សារ​អេឡិចត្រូនិច​ សារព័ត៌មាន​ត្រយង​បាន​សាកសួរ​លោក​ កាវីន​ ពី​បញ្ហា​ខាង​លើ​នេះ​ ដោយ​សាមី​ខ្លួន​បាន​​ទទួល​ស្គាល់​ថា​លោក​ ក៏​បាន​ឃើញ​នូវ​មតិ​រិះគន់​អស់​ទាំង​នោះ​ដូច​គ្នា​ ប៉ុន្តែ​លោក​សុំ​យក​​ឱកាស​នេះ​ធ្វើ​ការ​បកស្រាយ​ចំពោះ​ការ​សម្ដែង​របស់​លោក​ក្នុង​​ឈុត​នោះ​ថា​៖

«​នៅ​ក្នុង​វីដេអូ​ដែល​បាន​បង្ហាញ​ទៅ​ខាង​ក្រៅ​នោះ​គឺ​ តួ​អង្គ​ជេស្ដា​ដែល​លោក​សម្ដែង​កំពុង​តែ​ខូច​ចិត្ត​ព្រោះ​តែ​គូស្នេហ៍​របស់​លោក​ស្លាប់​ ដូច្នេះ​ហើយ​ពេល​នោះ​តួអង្គ​របស់​លោក​កំពុង​តែ​ខូច​ចិត្ត​យ៉ាង​ខ្លាំង​ ប្រៀប​ដូច​ជា​មនុស្ស​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន​ វិញ្ញាណ​ហាក់​ហោះ​ចេញ​ពី​រូប​កាយ​ ហេតុនេះ​ហើយ​ទើប​ពេល​បាន​ជួប​តួ​ស្រី​ឈ្មោះ​សំណាង​ លោក​មិន​មាន​អារម្មណ៍​​និង​កម្លាំង​និយាយ​ស្ដី​តបត​ជាមួយ​នឹង​តួ​ឯក​ស្រី​ ដែល​សម្ដែង​ដោយ​កញ្ញា​ អាំង​ សុជាតា​នោះ​»

តម្លង់៧សន្ដាន

កាវីន​ក៏​បាន​ឆ្លៀត​ឱកាស​ផ្ដាំ​ផ្ញើ​ចំពោះ​ទស្សនិកជន​ដែរ​ថា​ សូមមេត្តា​កុំ​អាល​រិះគន់​លោក​ដោយ​គ្រាន់តែ​ឃើញ​វីដេអូ​ខ្លី​ដែល​ដក​ស្រង់​ត្រឹម​តែ​មួយ​ជ្រុង​នៃ​រឿង​ និង​មិន​ទាន់​​បាន​ដឹង​ពី​​ដំណើរ​ដើម​ទង​ចង​​ជា​សាច់​រឿង​ប្រទាក់ក្រឡា​គ្នា​នៅ​ឡើយ​។ តួឯក​ប្រុស​វ័យ​ក្មេង​រូប​នេះ​បាន​ថែម​ទាំង​ពោល​ដោយ​ជំនឿ​ចិត្ត​ថា៖

«ខ្ញុំ​ជឿ​ថា​រឿង​នេះ​ពេល​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ប្រាកដ​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ព្រោះ​ មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ជើង​ចាស់​ជា​ច្រើនរូប ជា​ពិសេស​លោក​ពូ​ ទេព រិនដារ៉ូ ដែល​ជា​តារា​ជើងចាស់​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​ជំនាន់​​មក​ហើយ។ មួយ​វិញ​ទៀត​រឿង​នេះ​ទៀត​សោត ​ក៏​មាន​ឈុត​ឆាក​កំប្លែង​សើច​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​គ្រប់​វគ្គ​ ព្រោះ​សូម្បី​តែ​លោក​និង​តួ​សម្ដែង​ផ្សេង​ៗទៀត​​ សម្ដែង​ខ្លួន​ឯង​នៅ​សើច​ខ្លួន​ដែរ​»។

តម្លង់៧សន្ដាន

គួរ​ដឹង​ដែរ​ថា​លោក​ កាវីន​ ឬ​ ជេស្ដា​ក្នុង​រឿង​ «តម្លង់​៧​សន្តាន​» មាន​ឈ្មោះ​ពិត​ថា​ ង៉ែត​ សុវណ្ណេត​ គឺ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ Financial and Banking មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ហើយ​រឿង​ដំបូង​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ស្គាល់​លោក​នោះ​គឺ​តាម​រយៈ​រឿង​​ «កំហឹង​អ្នក​ស្រុក​»

Telegram-Troryorng
Share.