ភាពយន្តភាគបុរាណថ្មី និងខ្នាតធំរបស់លោក ហ្វៃ សំអាង ដែលបានបញ្ចេញចំណងជើងឱ្យមហាជនដឹងគឺ «អប្សរាមហាអង្គរ» បានប្រមូលតួសម្ដែងល្បីៗជាច្រើនដួង​ឱ្យចូលរួមនៅក្នុងការថតភាពយន្តនេះ។ ក្នុងនោះដែរ គេបានឃើញលោក ហ្វៃ សំអាង ក៏បានកៀរគរបវរកញ្ញាម្ចាស់មកុដ និងជាតំណាងឱ្យកម្ពុជាទាំង ៥ រូប ក៏នឹងមានវត្តមានចូលរួមសម្តែងក្នុងភាពយន្តភាគនេះដែរ រួមមាន៖ កញ្ញា ប៉ូគឹមថេង សុតធីតា កញ្ញា សេង រដ្ឋា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កញ្ញា រឿន ណាត និង កញ្ញា ប៊ី សុធារី។

លោក ហ្វៃ សំអាង បានបង្ហោះរូបភាពបវរកញ្ញាទាំង ៥ រូបម្ដងម្នាក់ៗ និងប្រាប់ពីអត្តចរិតតួនីមួយដែលពួកគេត្រូវសម្ដែងនៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​រឿង «​អប្សរា​មហាអង្គរ​» របស់​ផលិតកម្ម​ ហង្សមាស​ នៅ​ក្នុង​របត់​ថ្មី​ទំនើប។ ជាដំបូងលោកបានបង្ហោះពី ៖

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022

សម្តែងជាតួអង្គពីររូប(ភ្លោះ) ជាតួនាង ឆោម ឆវី និង តួនាង ឆោម ឆផ្កា។ លោកបានជ្រើសរើស​យក​កញ្ញា​មកសម្ដែងតួ​អង្គ​នេះ​មុនពេលកញ្ញាចូលរួមប្រកួត​បវរកញ្ញា​ Miss Grand Cambodia 2022 ទៅទៀត​ ។ លោកថា លោកពិតជា​ភ្ញាក់ផ្អើលនៅពេលឃើញកញ្ញាចូល​រួម​ប្រកួត​ ហើយ​ទទួលបានតំណែងលេខ១​ ក្នុង​ការ​ប្រកួត​។

កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021

សម្តែងជាតួព្រះជាយាទី ១ ព្រះនាមថា កែវ មណី​ ជាអង្គ​ក្សត្រិយមាន​ព្រះ​ហទយ:ធំទូលាយប្រៀបបាននឹងលំហមេឃ​ ជ្រៅ​ជាងជ្រោះ​ ល្វឹង​ល្វើយ​ដូចមហា​សមុទ្រ​ ស្វែងរក​ព្រះ​ជាយា​មកថ្វាយ​ព្រះ​ ភស្តា​ អ្នក​ណា​ក៏​កោត​ស្ញប់ស្ញែង ​និង ​សរសើរ។ អត្តចរិតតួរបស់កញ្ញាគឺ ស្រលាញ់​ ខ្នាញ់​ ខឹង​ ស្អប់ ដែលជាទេពកោសល្យថ្មីដ៏​រស់រវើក​ នៅ​ក្នុង​ភាពយន្ត​ភាគ​ខ្នាត​ធំ​មួយ​នេះ កញ្ញាមិនធ្លាប់បង្ហាញពីមុនមក។

កញ្ញា សេង រដ្ឋា អតីតMiss Grand 2020

បវរកញ្ញាមកពីខេត្ត កំពង់ធំ រូបនេះសម្តែងជាតួភ្លោះ។ កញ្ញា​ត្រូវ​សម្តែងជាតួ​អង្គ​ពីរដែលមានព្រះរាជចរិយា​ខុសគ្នាដូចមេឃហើយនិងដី​ ជារាជបុត្រីដែលមានព្រះនាមថា​ ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​ពេជ្រ​ ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​មាស​ បើនិយាយពីព្រះរូបឆោមវិញដូច​ជាស្រី​ទេពអប្សរច្បុតមកពីឋានសួគ៍​។ ប្រិយមិត្ត​អ្នក​គាំទ្រ​កញ្ញា​នឹង​បានឃើញទេព​កោសល្យ​ដ៏​ថ្មី​សន្លាង​របស់កញ្ញា​ ទ្រង់​ព្រះ​នច្ចារបាំអ​ប្សរា​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​នេះ​តាម​រយៈ​អ្នក​ដឹក​នាំ​សម្ដែងនិង​ក្រុម​ការងារ​​ដែល​ផ្តល់​ទំនុក​ចិត្ត​ នៅលើកញ្ចក់ទូរទស្ស​ន៍​ និងប្រ​ព័ន្ធ​ផ្សព្វផ្សាយ​របស់​ ផលិតកម្ម​ហង្សមាស​និង​រស្មីហង្សមាស​។

កញ្ញា រឿន ណាត Miss Universe Cambodia 2018

កញ្ញាសម្តែងជាតួអង្គកំពូលក្សត្រិយ ដែលជាតួអង្គមួយមានព្រះទ័យ ព្រះវិសារទៈបូជាព្រះជន្មដើម្បីព្រះនគរ ព្រះនាងជ័យរាជទេវី ព្រះមហេសី ព្រះបាទជ័យវរ្ម័នទី ៧។ លោក ហ្វៃ សំអាង បានបញ្ជាក់ដែរថា កញ្ញា រឿន ណាត គឺពិតជាស័ក្ដសមជាតួ​អង្គ​នេះណាស់ ហើយលោករំពឹងថា អ្នកគាំទ្រទាំងអស់ពិតជាពេញចិត្តពេញថ្លើមចំពោះការសម្ដែងរបស់កញ្ញា ព្រោះថា កញ្ញាធ្លាប់បានប្រឡូកវិស័យភាពយន្តខ្មែរ ដែលទទួលបានគាំទ្រខ្លាំងទាំងរូបសម្រស់ និងទេសពកោសល្យសម្ដែង។

កញ្ញា ប៊ី សុធារី អតីត Miss Universe 2017 និង ជា Miss Charm Cambodia 2021

កញ្ញាសម្តែងជា​តួ​អង្គ ​នាងខ្មុក​ និង អ្នកម្នាង​ ប្រ​ភា របត់​ថ្មី​ដែល​កញ្ញា​មិន​ធ្លាប់បានសម្តែង​កន្លង​មក​ កញ្ញា​ត្រូវ​តស៊ូ​អធន​ជាមួយ​នឹង​ការ​លាបខ្លួន​ឲ្យ​ខ្មៅ​ អត្តចរិត​ក្រមិចក្រមើម​ បង្កប់​ភាព​ច្រណែន​និន្ទា​ ឈ្នានីស​ ញញឹម​ចាប់​ដៃ​ សម្លក់​ជាន់ជើងមាន​មហិច្ឆតា​ឥតស្កប់ស្កល់។ កញ្ញា​ត្រូវ​ត្រៀម​ខ្លួន​ដោយរងរំពាត់ខ្សែតី​ ដំបង​គល់​ឬស្សីនៅក្នុងឈុតឆាកសម្តែង​។ ល។

ក្រៅពីបង្ហាញមុខរបស់បវរកញ្ញាទាំង ៥ រូបនេះនៅក្នុងភាពយន្តហើយនោះ ថ្មីៗនេះលោក ហ្វៃ សំអាង ក៏បានបង្ហាញមុខ Super Star លំដាប់ប្រទេស ៣ ដួងទៀត រួមមាន ៖ លោក​ ទេព​ រិនដារ៉ូ​ លោក​ស្រី​ អម្ពរទេវី​ និងលោកស្រី លី ម៉ារីណា ។ តាមរយៈការរៀបរាប់របស់លោក ហ្វៃ សំអាង ជាអ្នកដឹកនាំរឿងបានលើកឡើងថា Super stars លោក​ ទេព​ រិនដារ៉ូ​ លោក​ស្រី​ អម្ពរទេវី​ រាប់​រយ​រឿង​ដែល​បានសម្តែងរួមគ្នា​ទាំងឈុតឆាក​កុងកាច់លេបខាយពាក្យសម្តី​ ក្រមិចក្រមើម​ ស្នេហា​ផ្អែមល្ហែម​ ។ ល។ តារា​ទាំង​ពីរ​ដួង​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​ការ​សម្ដែង​យ៉ាង​យូរ​ធ្វើ​ឱ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​ស្ទើរ​តែ​ភ្លេច​រសជាតិ​។ នៅក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​រឿង​ «អប្សរា​មហាអង្គរ»​ ដែល​ផលិត​ដោយ​ផលិតកម្ម​ ហង្សមាស​ តារា​ទាំង​ពីរ​ដួង​ត្រូវ​បាន​អ្នក​ដឹក​នាំ​សម្ដែង​ ហ្វៃ​ សំអាង​ចាប់​ឱ្យចរចួបគ្នាជាថ្មីម្តងទៀត​ដោយ​អមមកជាមួយឈុតឆាកស្នេហា​ ផ្អែមល្ហែម​ ល្វីង​ជូរចត់​ និយាយ​រួម​ទៅ​គឺ​មាន​គ្រប់​រសជាតិ​ដើម្បី​ផ្តាំចាស់​នៅលើ​មាគ៌ាសិល្ប:ភាពយន្តនេះ។

អម្ពរទេវី​ ជា​តួអង្គ​ព្រះនាម​ អ្នក​អង្គ​ម្ចាស់ស្ត្រី​ កាមល​ ជារាជ​នាដកាអប្សរា​ ជា​រាជគ្រូបង្ហាត់បង្ហា​ញព្រះ​កេរមរតក​ដ៏​មហា​អស្ចារ្យ​របស់​ជាតិ​ខ្មែរ​។ ទេព​ រិនដារ៉ូ​ ជា​តួអង្គបណ្ឌិតអក្សរសាស្ត្រ​ ឈ្មោះ​ ខីណាព្រាហ្ម​ណ៍​។ រាជនាដកាអប្សរា​ លង់ព្រះហទយ:ស្នេហ៍​ស្និទ្ធ​បណ្ឌិត​អក្សរ​សាស្ត្រ​ នៅ​រៀងរាល់​យប់​ថ្ងៃ​១៥កើត​ខែ​ពេញ​បូរណ៍មី​ អ្នក​អង្គ​ម្ចាស់ស្ត្រី​ កាមល​តែងតែ​យាងមក​ទ្រង់​ព្រះ​សណ្តាប់​រឿងនិទានបេះដូងរបស់​បណ្ឌិត​ ខីណាព្រាហ្ម​ណ៍​ ធ្វើ​ឲ្យ​នាង​ បារមី​ ដែល​ជា​នាដកាប្សរា​ដែរ​ មាន​ចិត្ត​ច្រណែន​ និន្ទា​ឈ្នានីស​ព្រោះ​តែ​បេះដូង​របស់​នាង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ស្នេហ៍​របស់​បណ្ឌិត​អក្សរ​សាស្ត្រ​នោះដោយដកមិនរួច។ សង្គ្រាម​បេះដូង​ក៏​បាន​ផ្ទុះ​ឡើងពេញផ្ទៃរឿង​ ទាំង​មូល​។ តួ​អង្គ​នាងបារមីត្រូវបានធ្លាក់ទៅលើតារាសម្តែង​ លី​ ម៉ារីណា​ ជា​អ្នក​គ្រង​ តែមកលើកនេះត្រូវ​អ្នក​ដឹក​នាំ​សម្ដែង​ផ្លាស់ប្ដូរ​រសជាតិ​​សម្តែង​របស់​គាត់​ដែល​​បងប្អូន​មិនធ្លាប់​បាន​ឃើញ​គាត់​សម្ដែង​បែបនេះពី​មុន​មក​ទេ​ រង់ចាំ​តាមដាន​តារា​ទាំង​បី​ដួងនៅលើថ្នាល​ស្នេហា​ត្រីកោណ​ លោក​អ្នក​នឹង​មាន​អារម្មណ៍​ ស្រលាញ់​ ស្អប់​ ខ្នាញ់​ ខឹង​ លន្លង់លន្លោច​ទៅ​តាម​ផ្ទៃ​រឿង​។

នៅមិនទាន់អស់តួសម្ដែងទេ គ្រប់គ្នានៅចាំអ៊ុតថា តើមានតារារូបណាខ្លះទៀតចូលរួមសម្ដែង ព្រោះបើតាមការប្រកាសពីមុនមក អ្នកដឹកនាំរឿងបង្ហើបថា មានតារាសិល្បៈចូលរួមសម្ដែងដល់ទៅរាប់រយនាក់ ដែឡជាការប្រមូលតួទ្រង់ទ្រាយធំជាងរឿងមុន។ លោកថា រឿងភាគនេះ លោកបានគ្រោងផលិតតាំងពី ១០ឆ្នាំមុន ខណៈនិពន្ធអស់រយៈពេលជិត ៤ ឆ្នាំចុងក្រោយនេះ។ ស្នាដៃបន្ទាប់ពីរឿង «ចៅពស់កេងកង» មួយនេះ អ្នកដឹកនាំរឿងថា ជាការឧទ្ទិសស្នាដៃដល់ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដែលទ្រង់ជា «ទេពនាថវដ្តីឯក» និងជាតួឯកក្នុងរបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងពិភពលោក។

Share.