ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ប្រកួត​បាន​៨០​ប្រកួត​ហើយ ពោល​គឺ​បញ្ចប់​សប្ដាហ៍​ទី​២០ ក្នុង​ចំណោម​២១​សប្ដាហ៍ នៃ​ការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​របស់​ក្រុម​ជា​សមាជិក​ទាំង​៨ក្រុម។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ មាន​កីឡាករ​៤១នាក់​ហើយ ដែល​ឈ្នះ​ងារ​ Man Of The Match (MOTM) ក្រោយ​ចប់​ការ​ប្រកួត​នីមួយៗ ខណៈ​ក្នុង​នោះ​មាន​អ្នក​ចាំទី២ នាក់​ដែល​អាច​ដណ្តើម​បាន​ងារ​មួយ​នេះ។

អ្នកចាំទី​ដំបូង​គេ​ដែល​ឈ្នះ MOTM គឺ​កីឡាករ ស៊ូ យ៉ាទី ដែល​ជា​អ្នកចាំទី​ដៃទី១ របស់​ក្រុម​ណាហ្គាវើល ពេល​ជួយ​ក្រុម​ខ្លួន​ប្រកួត​​ស្មើ​គ្នា ០ទល់០ ជាមួយ​ក្រុម​បឹងកេត ក្នុង​សប្ដាហ៍​ទី១៥ កន្លង​ទៅ លើ​ទីលាន​កីឡដ្ឋាន Smart RSN។

ចំណែក​អ្នក​ចាំទី​ទី២ ជា​កីឡាករ​ កែវ សុខសិលា របស់​វិសាខា ដែល​ឈ្នះ MOTM ថ្មីនេះ​បន្ទាប់​ពី​ជួយ​ក្រុម​ខ្លួន​ឈ្នះ​ម្ចាស់​ផ្ទះ​ Tiffy Army FC ដោយ​លទ្ធផល២-១ ប្រចាំ​សប្តាហ៍​ទី​២០ លើ​ទីលាន​កីឡដ្ឋាន​ ខ.ភ.ម។

ក្រឡេក​មើល​កីឡាករ​ដែល​ឈ្នះ​ងារ MOTM ច្រើន​លើក​ជាង​គេ គិត​ត្រឹម​ពេល​នេះ គឺ​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​កាណាដា Marcus Haber របស់​ព្រះខ័នរាជស្វាយរៀង ដោយ​ឈ្នះ​បាន​រហូត​ដល់​ទី​៦ ដង ក្នុង​នោះ​នៅ​សប្ដាហ៍​ទី៤, ៦, ១០, ១២,១៣,១៤ និង​១៧៕

Share.