ជនសង្ស័យ៣នាក់ ដោយមានម៉ូតូ សណ្ដោងរ៉ឺម៉កមួយគ្រឿង បានជាប់ពាក់ព័ន្ធនឹងបទល្មើសលួចគាស់ផ្ទះ មានស្ថានទម្ងន់ទោស នៅចំនុច​ភូមិ​ ព្រែក​អង្គុញ​ ឃុំ​ សៀមរាប​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ កាលពីថ្ងៃទី ០៩ ខែមិថុនា ២០២១ វេលាម៉ោង ០២:៣០នាទី។ ប៉ុន្ដែយ៉ាងណាក៏ដោយ ហេតុការណ៍គាស់ផ្ទះខាងលើនេះ មិនបានធ្វើឲ្យម្ចាស់ផ្ទះបាត់បង់ទ្រព្យសម្បត្តិនោះឡើយ ព្រោះតែអ្នកជិតខាងដឹងទាន់ ហើយរាយការណ៍ជូនសមត្ថកិច្ច។ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ច ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

ប្រភពដដែលបានរៀបរាប់ថា ជនសង្ស័យ៣នាក់ បានជិះម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង បើកបរដោយឈ្មោះ តឹង ហើយឈ្មោះ សុខ វណ្ណដា និងឈ្មោះ សំ បញ្ញា ជាអ្នកជិះរម៉កខាងក្រោយ ដោយដាក់កន្ដ្រៃកាត់ដែកនៅបាតរ៉ឺម៉ក ចេញពីគំនរសំរាម ស្ទឹងមានជ័យ ដើម្បីរើសអេតចាយតាមបណ្ដោយផ្លូវចំការដូង រហូតដល់រង្វង់មូលគួរស្រូវហួសមកផ្លូវជាតិលេខ២ និងបានចុះរើសអេតចាយតាមផ្លូវរហូតហួសកន្លែងកើតហេតុទៅមុខឆ្ងាយទើបត្រឡប់មកវិញ។ 

សមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា ពេល​មក​ដល់​កន្លែង​កេីតហេតុ​ដោយមានសភាពស្ងាត់​ ឈ្មោះ​ ​តឹង​ ដែល​ជាអ្នក​បេីកម៉ូតូសណ្តោង​រម៉ក​បានឈប់​ ហេីយ​ប្រាប់​ជនសង្ស័យ​ពីរ​នាក់​ខាង​ក្រោយ​ថា “ផ្ទះ​នេះគ្មាន​មនុស្ស​នៅទេគេ​ចាក់សោរខាងក្រៅ” ហេីយឈ្មោះតឹង​បាន​ដេីរចូល​ទៅមេីល​ រួច​ត្រឡប់មករម៉កវិញយក​កន្រៃ្ត​ពីបាតរម៉ត​ទៅកាត់សោរ​ជាមួយជន​សង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ សុខ​ វណ្ណដា​ ដោយឡែក​ឈ្មោះ​ សំ​ បញ្ញា​ អង្គុយ​ចាំ​នៅ​លេីរម៉កដេីម្បី​ចាំមេីលផ្លូវ​ ពេល​កំពុង​ធ្វើ​សកម្មភាព​កាត់​សោរ​ ស្រាប់តែមានអ្នកជិតខាងរស់នៅក្បែរផ្ទះកេីតហេតុ​បានលឺសំលេង​ទ្វា​រគ្រាំងៗ ក៏មេីលតាម​បង្អួច​ពីលេី​ផ្ទះ​ឃេីញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ ក៏​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ សៀមរាប​ ពេល​ទទួល​បាន​ ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​សៀមរាប​បានមកដល់​កន្លែង​កេីតហេតុ​ តែត្រូវ​ជនសង្ស័យ​បេីក​រម៉ក​រត់​គេខ្លួន​តាមបណ្តោយផ្លូវ​ជាតិ​លេខ​២​ទៅទិស​ខាងជើង​ រួច​បានដេញតាមពីក្រោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ពីរនាក់​ រួមទាំង​វត្ថុ​តាង​នៅចំនុច​មុខ​ស្ថានីយ​ប្រេង​ ឥន្ធនៈ​ តេលា​ ស្ថិត​នៅ​ក្នុង​ភូមិ​ បុណ្ណា​ ឃុំ​ព្រះ​ពុទ្ធ​ ស្រុក​កណ្តាល​ស្ទឹង​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀតបេីករម៉ក​គេចខ្លួន​បាត់​ រួច​បាន​ប​ញ្ជូន​ជនសង្ស័យ​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​បន្ត​និតិវិធី​ច្បាប់​។

សូមរំលឹកពីអត្តសញ្ញាញ ជនសង្ស័យទាំង៣រូប គឺមានដូចខាងក្រោម៖

  • ១ ឈ្មោះ​ សំ​ បញ្ញា​ ភេទប្រុស អាយុ​ ២៣ឆ្នាំ​ មានទីលំនៅ​គំនរសំរាម​​ភូមិ​ ព្រែក​ទាល​ សង្កាត់​ ស្ទឹង​មានជ័យ​ទី២​ ខណ្ឌ​ មានជ័យ​ រាជធានី​ភ្នំពេញ​។ (ឃាត់​ខ្លួន​)
  • ២ សុខ​ វណ្ណដា​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ មានទីលំនៅ​គំនរសំរាម​ភូមិ​ ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មានជ័យ​ទី២​ ខណ្ឌ​ មានជ័យ​ រាជធានី​ភ្នំពេញ​។ (ឃាត់​ខ្លួន​)
  • ៣ ឈ្មោះ  តឹង​ ភេទ​ ប្រុស​ អាយុ​២២ឆ្នាំ​មានទីលំនៅ​គំនរសំរាម​​ភូមិ​ ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មានជ័យ​ទី​២​ ខណ្ឌ​ មានជ័យ​ រាជធានី​ភ្នំពេញ​។ (គេចខ្លួន​)

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចប្រមូលបានមានដូចជា ៖

  • កន្រៃ្ត​កាត់​ដែក​ ចំនួន​០១
  • សោខ្សៀរ​ អក្សរ​ (L) ចំនួន​០១
  • សម្ភារៈ​បាត់​បង់ ​(គ្មាន​)

Share.