ក្រុម​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​​ឈ្នះ​​​ក្រុមប៊ូតាន ៣-០ និងម៉ុងហ្គោលី ៣-០ ក្នុង​ប្រកួត​​ពូល A នៃ​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2022 កម្រិត​ទី៤ (Asia/Oceania Group IV) នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន។

ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2022 កម្រិត​ទី៤ កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមតួកមេនីស្ថាន ម៉ុងហ្គោលី និង ប៊ូតាន។ រីឯពូល B គឺមានក្រុមខ្លាំងគុយវ៉ែត សិង្ហបុរី ឡាវ កោះហ្គាំ និងក្រុមម្ចាស់ផ្ទះបារ៉ែន ដែលការប្រកួតត្រូវធ្វើឡើង ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២២ ខែតុលា ចុងសប្ដាហ៍នេះ។

កម្ពុជា នឹងបន្ដជួបក្រុមតួកមេនីស្ថាន នាថ្ងៃទី២០ ខែតុលា ខាងមុខ។ ការប្រកួតនេះ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុ ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវប្រកួតខ្វែងពូល ដើម្បីស្វែងរកបេក្ខភាព វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានកៅអី ក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup 2023។

ក្រុម​វាយ​កូនបាល់​របស់​កម្ពុជា ធ្លាប់​មាន​ឈ្មោះ​ឡើង​ទៅ​លេង​កម្រិត​ Asia/Oceania Group III ​​បាន​ប៉ុន្មាន​ឆ្នាំ​គឺ​ចន្លោះ​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​​២០១៦ ទើប​ធ្លាក់​ចេញ​ទៅ Asia/Oceania Group IV វិញ​មក​ទល់​សព្វ​ថ្ងៃ៕

Share.