អគារទំនើបបាញ់គ្រាប់ពិតប្រភេទអាវុធខ្លី មានតម្លៃប្រមាណ៦០ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រារព្ធពិធីសម្ពោធហើយនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យដឹងថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ជាអគារទទួលសាងសង់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយចំណាយទឹកប្រាក់ជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមបន្តថាអគារនេះ ដំណើរការសាងសង់រយៈពេលជាង៥ខែ លើទីតាំងអគារក្បាច់គុនចាស់ មានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិ អាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន១០នាក់ក្នុងមួយលើក ដោយមានប្រព័ន្ធការពារក្បាលគ្រាប់យ៉ាងមានសុវត្ថិភាព និងបំពាក់ដោយប្រព័ន្ធការពារសំឡេងមិនឱ្យលាន់ចេញក្រៅរំខានដល់ការសិក្សារបស់សិស្សនគរបាលជាតិ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីនេះថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈសម្រាប់បម្រើប្រជាតិ និងប្រជាជន បន្ថែមលើមូលដ្ឋានបណ្ដុះបណ្ដាលផ្សេងទៀតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានបង្ហាញការកត់សម្គាល់ចំពោះភាពរីកចម្រើននៃសាលានគរបាលជាតិតាមបណ្ដាភូមិភាគនានាថាក៏កំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភអភិបាលខេត្តពាក់ព័ន្ធ។

បើតាមសម្ដេច ក្រសួងមហាផ្ទៃបានផ្ដល់អាទិភាពដល់បណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈការឧត្ថម្ភជាច្រើនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈសិក្សា និងហ្វឹកហាត់នានាឱ្យស្របតាមតម្រូវការជាក់ស្ដែង និងបានផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ ជាមួយក្ដីសង្ឃឹមថារាល់និស្សិត និងសិក្ខាកាមទាំងអស់នឹងក្លាយជានគរបាលជាតិប្រកបដោយសក្ដានុពល៕

Share.