ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាប និងឃាត់ខ្លួន ជនជាតិវៀតណាម ៧នាក់ ខណៈដែលពួកគេឆ្លងដែនចូលមកនេសាទត្រី ក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់។

នៅរសៀល ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២ ប៉ុស្តិ៍នគបាលរដ្ឋបាលបាសាក់ បានទទួលព័ត៌មានពីប្រជាការពារ នៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ថា មានប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនមកនេសាទត្រី ដាក់មង នៅទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ពីព្រំដែនកម្ពុជា-វៀតណាមមកដល់ទីតាំងចំងាយប្រហែល ៨.០០០ម៉ែត្រ។

​តាមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ដោយមានការចង្អុល ដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា បានចំនួន ៧នាក់ ស្រី ០៣នាក់ និងបានដកហូតវត្ថុតាងរួមមាន ទូកម៉ាសុីន ចំនួន ០៤ គ្រឿង ( ទូកជ័រចំនួន ៣គ្រឿង ទូកឈើចំនួន ១ គ្រឿង  និងឧបករណ៍នេសាទ មង ចំនួន ៤២ដៃ។


បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនជាតិវៀតណាមទាំង ៧នាក់ បានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្ត ផាកពិន័យតាមច្បាប់៕

Share.