ក្រុម​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​​ឈ្នះ​​​ក្រុម​ទួ​កមេ​នី​ស្ថាន ២-១ បន្ទាប់ពីឈ្នះ​​​ក្រុមប៊ូតាន ៣-០ និងម៉ុងហ្គោលី ៣-០ ក្នុង​ប្រកួត​​ពូល A នៃ​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2022 កម្រិត​ទី៤ (Asia/Oceania Group IV) នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន។

នារសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ក្រុមវាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា លេខ១ពូល A និង សិង្ហបុរី លេខ១ពូល B ប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកក្រុមខ្លាំងមួយដំឡើងទៅកម្រិតទី៣ ប្រចាំតំបន់អាស៊ី Asia/Oceania Group III នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២។

ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2022 កម្រិត​ទី៤ កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមតួកមេនីស្ថាន ម៉ុងហ្គោលី និង ប៊ូតាន។ រីឯពូល B គឺមានក្រុមខ្លាំងគុយវ៉ែត សិង្ហបុរី ឡាវ កោះហ្គាំ និងក្រុមម្ចាស់ផ្ទះបារ៉ែន ដែលការប្រកួតត្រូវធ្វើឡើង ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២២ ខែតុលា ចុងសប្ដាហ៍នេះ។

ក្រុម​វាយ​កូនបាល់​របស់​កម្ពុជា ធ្លាប់​មាន​ឈ្មោះ​ឡើង​ទៅ​លេង​កម្រិត​ Asia/Oceania Group III ​​បាន​ប៉ុន្មាន​ឆ្នាំ​គឺ​ចន្លោះ​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​​២០១៦ ទើប​ធ្លាក់​ចេញ​ទៅ Asia/Oceania Group IV វិញ​មក​ទល់​សព្វ​ថ្ងៃ។

ក្រុមវាយកូនបាល់កម្ពុជាចាត់ទុកការប្រកួតព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នេះ ជាការត្រៀមខ្លួនសម្រាប់កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ លើទឹកដីខ្លួនឯងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

Share.