ក្រុម​វាយ​កូន​បាល់​របស់​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ស្រីលង្កា បាន​ដឹកដៃ​គ្នា​ឡើង​ទៅ​ប្រកួត ​​2023 Davis Cup Asia/Oceania Zone Group IIIខាង​មុខ ក្រោយ​ដណ្តើម​កៅអី​បាន​ជា​ក្រុម​ខ្លាំង​ក្នុង Group IV ថ្មីៗនេះ។

ពានរង្វាន់ Davis Cup ប្រកួត​ជុំវិញ​ពិភពលោក​តាម​ទ្វីប​នីមួយៗ ខណៈ​ទ្វីប​អាស៊ី បែងចែក​ជា ៤ Group ផ្សេង​ៗគ្នា។ សម្រាប់ Group ទី៤ ឆ្នាំ​នេះ​​​ប្រកួត​ពី​ថ្ងៃ​ទី​១៧ ដល់​២២ ខែ​តុលា ឆ្នាំ​២០២២ ព្រម​ទាំង​មាន១៦​ក្រុម ដោយ​បែងចែក​ការ​ប្រកួត​ជា​២ ពូល ក្នុង​នោះ៖
-បារ៉ែន, បង់ក្លាដេស, ប្រ៊ុយណេ, ប៊ូតាន់, កម្ពុជា, ហ្គាម, អ៊ីរ៉ាក់, គុយវែត និង​តាជីគីស្ថាន ប្រកួត​នៅ​Bahrain Tennis Federation ក្នុង​ទីក្រុង Isa Town ប្រទេស​បារ៉ែន។
-ឡាវ, ម៉ាល់ឌីវ​,ម៉ុងហ្គោលី,សិង្ហបុរី, ស្រីលង្កា, ទួរមេនីស្ថាន និង​យេមែន ប្រកួត​នៅ Sri Lanka Tennis Association Courts ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា។

ក្រុម​ជម្រើស​ជាតិ​ដែល​មិន​បាន​ចូលរួម​ការ​ប្រកួត​ក្នុង Group IV នេះ​មាន​ម៉ាកាវ, មីយ៉ាន់ម៉ា,​អូម៉ង់,​ហ្វីលីពីន, កាតារ, តាហ្ស៊ីគីស្ថាន។

ដូច្នេះ​​ជា​លទ្ធផល​​ប្រចាំ​តំបន់​ទាំង​២​នេះ ឃើញ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ស្រីលង្កា ដឹក​ដៃ​​គ្នា​ឡើង​ទៅ Group III ជំនួស​ក្រុម​​ជម្រើស​ជាតិ​ស៊ីរី និង​ស្រីលង្កា ដែល​ធ្លាក់​ចេញ​ពី Group III នៅ​ឆ្នាំ​នេះ។

សម្រាប់​ក្រុម​វាយ​កូន​បាល់​កម្ពុជា បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ Davis Cup លើក​ដំបូង​នៅ​ឆ្នាំ​២០១២ ស្ថិត​ក្នុង​ Group IV ហើយ​នៅ​ឆ្នាំ​២០១៣ ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ក្នុង Group III ជា​បន្ត ព្រម​ទាំង​រក្សា​កៅអី​រហូត​​ដល់​ឆ្នាំ​២០១៧ ទើប​ធ្លាក់​ទៅ​លេង Group IV វិញ ខណៈ​រង់ចាំ​រហូត​​ដល់​​​៦​ឆ្នាំ​ទើប​ទទួល​បាន​ឱកាស​ឡើង​ទៅ Group III ម្តង​ទៀត​​ពោល​គឺ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ៕

Share.