Dy Sao គឺជា​អ្នក​លេង​ក្បាច់​គុន​ដ៏​ស្ទាត់​ជំនាញ​មួយ​រូប​ ដោយ​សារតែ​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសប់​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​លោក​មាន​ឱកាស​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​ក្នុង​ឋានៈ​ជា​ Stuntman។ ​តស៊ូ​ព្យាយាម​លើ​វិថី​នេះ​ជា​ច្រើន​ឆ្នាំ​​ទីបំផុត​​លោក​បាន​ក្លាយ​ជា​តួ​ឯក​ជា​លើក​ដំបូង​ក្នុង​ភាព​យន្ត​ «Hanuman: Shadow Master»។

ភាពយន្ត​បែប​វាយតប់ប្រើ​ប្រាស់​ក្បាច់គុន​ជា​គោល​នេះ​ត្រៀម​នឹង​បញ្ចាំង​នៅ​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ហើយ​។ Trailer ​ដំបូង​នៃ​ភាព​យន្ត​នេះ​​​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ខណៈ​ដែល​ Trailer កម្រិត​ HD នឹង​បង្ហោះ​ជូន​ទស្សនា​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

បើ​និយាយ​ពី​ Dy Sao លោក​កើត​នៅ​ថ្ងៃ​ទី​៣​ ខែ​តុលា ឆ្នាំ​១៩៧៩​ បុរស​ដែល​មាន​ឈាម​ជ័រ​ជាជនជាតិ​ខ្មែរ​សុទ្ធសាធ​រូប​នេះ ​គឺ​ជា​តារា​មួយ​រូប​ដែល​មាន​បទ​ពិសោធ​ជោគជាំ​លើ​វិថី​សិល្បៈ​ភាព​យន្តបែប​វាយ​តប់​​ ព្រោះ​ក្រៅ​ពី​ជា​ Stuntman លោក​ក៏​ជា​អ្នក​ជំនាញ​ក្បាច់​គុន​មួយ​រូបដែល​បាន​បង្ហាត់​ក្បាច់​គុន​ដល់​​តួ​ឯក​ Simu Liu ពី​ភាពយន្ត​ Shangchi and the Legend of the Ten Rings របស់​ផលិត​កម្ម​ Marvel កាល​ពី​ឆ្នាំ​២០២១ ផង​ដែរ​។

ក្រោយ​សម្ងំ​ដុស​ខាត់​និង​សំលៀង​ជំនាញ​ក្បាច់​គុន​ជា​ច្រើន​ឆ្នាំ​ តាម​រយៈ​ការ​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ជា​ច្រើន​រឿង​ បុរស​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​ ក្ដោប​ក្ដាប់​បាន​ឱកាស​សម្ដែង​ជា​តួ​ឯក​នៅ​ក្នុង​ភាពយន្ត​ «Fast Vengeance» រួម​ជាមួយ​នឹង​ DMX និង​ Ba Ling ។ Dy Sao ធ្លាប់​បាន​​សម្ដែង​ជាមួយ​នឹង​ Bai Ling ក្នុង​ភាពយន្ត​ឈ្នះ​ពាន​រង្វាន់​ How War Ends ​កាល​ពី​ឆ្នាំ​២០២១​ ដែល​រឿង​នេះ​​និយាយ​ពី​បងប្អូន​ពីរ​នាក់​រួចរស់​ជីវិត​ពី​របប​ប៉ុល​ពត​ និង​ការ​ចងចាំ​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ដែល​ដក់ជាប់​ក្នុង​អារម្មណ៍​។

ក្រៅ​ពី​នេះ​ លោក​ក៏​មាន​ឱកាស​សម្ដែង​ជាមួយ​នឹង big name នៅ​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​ដូចជា​ Jamie Lee Curtis និង Michelle Yeoh នៅ​ក្នុង​ភាពយន្ត​ Everywhere All at Once នា​ឆ្នាំ​២០២២​នេះ​ផង​ដែរ​។ សម្រាប់​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​ក្នុង​ទឹក​ដី​ Long Beach រដ្ឋ​កាលីហ្វ័រញ៉ា​រូប​នេះ​ បាន​ចាប់​ផ្ដើម​វិថី​ក្បាច់​គុន​របស់​ខ្លួន​​តាម​រយៈ​​ហាត់​ធ្វើ​តាម​​​រៀមច្បង​​ជា​អ្នក​គុន​និយម​ចិន​ដូច​ជា​ Bruce Lee (លី សៀវឡុង​) និង​ Donnie Yen នៅ​លើ​កំរាល​ព្រំ​នៅ​ក្នុង​ផ្ទះ​របស់​គេ​។ បន្ត​មក​ទៀត​ លោក​បាន​ចាប់​ផ្ដើម​ស្វែង​យល់ពី​ក្បាច់​គុន​​ និង ​ហ្វឹកហាត់​គុន​ Kickboxing របស់​អាមេរិក​និង​ក្បាច់​គុន​ល្បុក្កតោ​របស់​ខ្មែរ រួមជាមួយ​នឹង​ក្បាច់​កុងហ្វូ​របស់​និង​ក្បាច់​គុន​ប្រើ​ប្រាស់​អាវុធ​ចិន​បុរាណ​។

បើ​និយាយ​ដល់​ការ​សិក្សា​កាល​ពី​ឆ្នាំ​ ២០១៣ Dy Sao បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​ប័ត្រ​ជំនាញ​ចិត្តវិទ្យា ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​លោក​ក៏​ជា​កីឡការ​ជម្រើស​ជាតិ​អាមេរិក​​តំណាង​ឱ្យ​ក្រុម​ វ៉ូស៊ូ​កុងហ្វូ​ នៅ​ក្នុង​កម្មវិធី​ប្រកួត​​ World Games Macau ប្រទេស​ចិន​។ ឱកាស​ហ្វឹកហាត់​ក្បាច់​គុន​ និង​ សម្ដែង​ភាពយន្ត​របស់​លោក​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​លោក​មាន​ឱកាស​បាន​ចួប​ Jet Li និង​ Jackie Chan ហើយ​បាន​ក្លាយ​ជា​កូន​សិស្ស​របស់​វិហារ​សៅលីង​ ដែល​ជា​ទីតាំង​ល្បី​ល្បាញ​ផ្នែក​វិជ្ជា​គុន​របស់​ប្រទេស​ចិន​។

អ្នក​គាំទ្រ​មើល​ឃើញ​ថា​ការ​ដែល​កូន​ខ្មែរ​រូប​នេះ​បន្ត​បាន​ឱកាស​សម្ដែង​ភាពយន្ត​ក្នុង​ផលិតកម្ម​ហូលីវូដ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​ខ្មែរ​ អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​តាម​រយៈ​​ស្នាដៃ​សិល្បៈ​នៅ​លើ​ឆាក​អន្តរជាតិ​។

«Hanuman: Shadow Master» និយាយ​ពី​បុរស​ម្នាក់​ឈ្មោះ​​ អាន វឿន សម្ដែង​ដោយ​ Dy Sao ត្រូវ​បាន​គេ​តាម​សម្លាប់​នៅ​ក្នុង​សង្គ្រាម​បង​ធំនៅ​ក្នុង​កន្លែង​ដែល​លោក​រស់​នៅ​ ប៉ុន្តែ​ក្រោយ​មក​បុរស​រូប​នេះ​បាន​លេច​មុខ​ត្រលប់​មក​វិញ​ជាមួយ​នឹង​សមត្ថភាព​ពិសេស មាន​កម្លាំង​ដូច​ជា​សត្វ​ចម្លែក​ ហើយ​ស្វែង​រក​សងសឹក​ចំពោះ​ឧក្រិដ្ឋជន​ដែល​បាន​ឆក់​យក​ជីវិត​គេ​៕


Share.