គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បាន​ដាក់​ពិន័យ​លើ​កីឡា​ការិនី​ Sanja Djurdjevic របស់​ក្រុម​ជម្រើស​ជាតិ​សែប៊ី ដែល​បាន​រំលោភ​បំពាន​ដោយ​ប្រើ​កាយវិការ​មិន​សមរម្យ (ធ្វើ​ភ្នែក​តឹង​បែប​អាស៊ី) ​នៅ​ក្នុង​ពេល​​ប្រកួត​បាល់ទះ​ពានរង្វាន់ 2021 FIVB Volleyball Women’s Nations League កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២១ រវាង​ក្រុម​នារី​របស់​សែប៊ី ជាមួយ​ក្រុម​នារី​របស់​ថៃ។

បើ​តាម​គេហទំព័រ​​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ FIVB បាន​​បញ្ជាក់​ថា​កីឡា​ការិនី Sanja Djurdjevic ត្រូវ​ពិន័យ​មិន​ឱ្យ​ចូល​ប្រកួត​ចំនួន២​ប្រកួត​បន្ទាប់ ដែល​ក្រុម​ខ្លួន​ជួប​ប៊ែលហ្សិក និង​កាណាដា ក្នុង​ពានរង្វាន់ 2021 FIVB Volleyball Women’s Nations League។ ក្រៅ​ពី​នោះ​សហព័ន្ធ​កីឡា​បាល់ទះ​សែប៊ី ត្រូវ​​ពិន័យ​ជា​ទឹកប្រាក់ ២០,០០០​ CHF (ប្រាក់​របស់​ស្វីស) ឬ ប្រមាណ ២២,៣២០ ដុល្លារ​អាមេរិក (ហាងឆេង 1CHF= 0.89$)។ ប្រាក់​នេះ​បង្វិល​ទៅ​ជួយ​លើ​ការ​អភិវឌ្ឍន៍​​បាល់ទះ​ដែល​មាន​ឈ្មោះ​ថា Global Volleyball Family។

អត្ថបទពាក់ព័ន្ធ៖Nations League៖​បាល់ទះ​នារី​​អាមេរិក បន្ត​ជ័យជម្នះ​៩លើក​ជាប់​គ្នា ខណៈ​ថៃ នៅ​តែ​បរាជ័យ​រហូត

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ពានរង្វាន់ 2021 FIVB Volleyball Women’s Nations League កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២១ ក្រុម​ស៊ែប៊ី បាន​យក​ឈ្នះ​លើ​ក្រុម​ថៃ ដោយ​លទ្ធផល​៣សិត​ទល់០ (២៥-១៩,២៥-២៣,២៥-២៣) នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី។

FIVB បាន​បញ្ជាក់​ថា​ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​សាមគ្គីភាព​​​ជា​សកល​និង​ប្រឆាំ​នឹង​ឥរិយាបថ​នៃ​ការ​រើសអើង​ទាំង​អស់ ខណៈ​ក្រោយ​កើត​ហេតុ​បែប​នេះ​កីឡា​ការិនី Sanja Djurdjevic បាន​ធ្វើការ​សុំទោស​ទៅ​ខាង​ក្រុម​ថៃ ផង​ដែរ៕

Telegram-Troryorng
Share.