សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ធ្វើការ​ចុះ​អនុស្សារណៈយោគយល់គ្នា​ (MOU)​ ជាមួយ​សមាគម​កីឡា​កម្ពុជា-អាមេរិក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា ឆ្នាំ​២០២២ នេះ ខណៈ​ភាគី​ទាំង​២​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ចំពោះ​មុខ​ជាមួយ​គ្នា និង​ការងារ​នៅ​ថ្ងៃ​អនាគត​ជា​បន្ត​ដើម្បី​ជម្រុះ​វិស័យ​កីឡា​បាល់ទះ​ជាតិ​ឱ្យ​កាន់​តែ​ឆ្ពោះ​ទៅ​មុខ។

​ក្រោយ​ចប់​ពិធី​​ចុះ​អនុស្សារណៈយោគយល់គ្នា តាម​ប្រព័ន្ធ​អនឡាញ លោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្វី​ដែល​ភាគី​ទាំង​២​ត្រូវ​ធ្វើ​ចំពោះ​មុខ​គឺ​ការ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ដែល​នឹង​មក​ដល់​នៅ​ខែ​ឧសភា ឆ្នាំ​ក្រោយ​​និង​ផែនការ​រយៈពេល​វែង​​ទៅ​ថ្ងៃ​អនាគត​ទៀត។

លោក​អគ្គលេខាធិការ​បាន​លើក​ឡើង​ពី​បញ្ហា​ចំពោះ​មុខ​ពោល​គឺ​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​២០២៣ ​ថា៖«​អនុស្សារណៈយោគយល់គ្នា នៅ​ថ្ងៃ​នេះ​ ក្នុង​គោលបំណង​សំខាន់​ធំ​នោះ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យ​បាល់ទះ​នៅ​ស្រុក​ខ្មែរ​យើង​មាន​ការ​រីកចម្រើន ប៉ុន្តែ​ក្នុង​នោះ​ខ្ញុំ​ផ្តោត​លើ​ការងារ​ចំបង​២។ ទី១ គឺ​ពាក់ព័ន្ធ​ជាមួយ​វិញ្ញាសា​ឆ្នេរខ្សាច់។ កីឡាការិនី​ប្រភេទ​ឆ្នេរខ្សាច់​នៅ​ប្រទេស​កម្ពុជា របស់​យើង អត់​ដែល​មាន​ទេ ភាគ​ច្រើន​គឺវាពាក់ព័ន្ធទៅនឹងវប្បធម៌ប្រពៃណី ក៏​ថា​បាន​ដែរ។ ចំណែក​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន ​ក៏​អ៊ីចឹង​ដែរ ការ​ស្លៀក​ប៊ីគីនី មិន​អាច​លេង​បាន​ទេ។ ខ្ញុំ​ជឿជាក់​ថា វប្បធម៌ អរិយធម៌​យើង ត្រូវតែថែរក្សាហើយ ប៉ុន្តែ​ពិភពលោក​សកលភាវូបនីយកម្ម ក៏​យើង​មិន​ត្រូវ​តែ​បុរាណ​និយម​ពេកទេ ក្នុង​ន័យ​តែ​មួយ​អភិរក្ស ប៉ុន្តែត្រូវមានការអភិវឌ្ឍ។ អ៊ីចឹង យើង​បាន​សំណូមពរ​បណ្ដា​អត្តពលិក​កម្ពុជា របស់យើង មិន​ត្រឹម​តែ​នៅ​អាមេរិកទេ បណ្ដា​នៅ​លើ​ពិភពលោក​ទាំង​អស់ ឲ្យ​តែ​គាត់​មាន​ឆន្ទៈ​ស្រឡាញ់ជាតិ ចង់ជួយជាតិ ជ្រោងកីឡាជាតិ គឺ​យើង​ស្វាគមន៍ ក្នុង​ករណី​ដែល​គាត់​មាន​ទេពកោសល្យ​គ្រប់គ្រាន់ ដើម្បីក្លាយជាកីឡាករ-កីឡាការិនី តំណាង​ជាតិ​របស់​យើង មក​ចូលរួម​ជាមួយ​កីឡាការិនី​នៅ​ក្នុង​ប្រទេស ដើម្បីធ្វើម៉េច ឲ្យ​យើង​ទទួល​បាន​នូវលទ្ធផលល្អប្រសើរ នៅ​ពេល​ដែល​យើង​ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅ​កម្ពុជា​យើង​នេះ»។

ករណីទី២ នោះ​លោក​បន្ត​ថា «ទី២ ក៏​យើង​ស្នើសុំ​ដែរ​ក្នុង​ការ​ស្វែង​រក​កីឡាការិនី​ក្នុង​សាល​បន្ថែម​ទៀត។ កីឡាការិនី​របស់​យើង​ គឺ​នៅ​មាន​កម្រិតទាបខ្លាំង ដែល​យើង​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង។ ហើយ​យើង​អត់​មាន​ប្រវត្តិ​បង្កើតក្រុមជម្រើសជាតិកម្ពុជា វិញ្ញាសានារីនេះ ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បរទេស​ដែរ​ ក្រោយ​ស្រុក​ទេស​ចប់​សង្រ្គាម​ស៊ីវិល។ ដូច្នេះហើយ បាន​ជា​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា របស់​យើង បង្កើត​ជ្រើសរើសបាន១៤នាក់ ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន។ និយាយ​ដោយ​ស្មោះត្រង់ គុណផល​របស់​យើង គឺនៅមានកម្រិតទាបបំផុត ដោយ​សារ​ការ​ប្រកួត​ប្រជែង​វិញ្ញាសា​បាល់ទះ​នារី​របស់យើង គឺមិនសម្បូរបែប ខុសពីបុរស។ អ៊ីចឹង គឺ​យើង​ទាមទារ​ឲ្យ​ជនរួម​ជាតិ​របស់​យើង ដែល​ជា​ជនជាតិ​ខ្មែរ និង​បណ្ដាប្រទេសនៅលើពិភពលោក ដែល​គាត់​មាន​គុណផលល្អ មាន​ទេពកោសល្យ​ល្អ ហើយ​ជា​អត្តពលិក​តំណាង​សាកលវិទ្យាល័យ វិទ្យាល័យ នៅ​ស្រុក​គេ ដែល​គាត់​ធ្វើការ​ប្រកួតប្រជែងបានច្រើន គាត់​អាច​មក​ចូលរួម ហើយ​សហព័ន្ធ​ស្វាគមន៍ និង​ច្របាច់​បញ្ចូលគ្នា រវាង​ជនជាតិ​ខ្មែរ​នៅតាមបណ្ដាប្រទេស មក​ចូលរួម​ជាមួយ​នឹង​កីឡាការិនី​ដែល​យើង​ទើប​តែ​រើសបាន ១៤នាក់ ដើម្បី​ធ្វើ​ឱ្យ​មាន​គុណផល​នៃ​ការ​ប្រកួត​ល្អ»។

«ចំណែក​ផែនការ​ទៅ​មុខ​ទៀត ក្រោយ​ចប់​ស៊ីហ្គេម​​នោះ យើង​ចង់​បន្ត​​នាំ​គ្នា​អភិវឌ្ឍន៍​បាល់ទះ​កម្ពុជា ដោយ​តាម​រយៈ​សមាគម​នឹង​ជា​ស្ពាន​មួយ​សម្រាប់​បាល់ទះ​កម្ពុជា និង​អាមេរិក។ ដោយ​អាច​ស្នើសុំ​អត្តពលិក​ខាង​អាមេរិក មក​ប្រកួត​នៅ​យើង ឬ យើង​ទៅ​ប្រកួត​អាមេរិក។ កាល​ណា​ប្រកួត​ប្រជែង​អន្តរជាតិ​ច្រើន យើង​អាច​ពង្រឹង​​កីឡាករ​យើង​បាន​កាន់​តែ​ខ្ពស់​ទៀត។ ក្រៅពី​ទំនាក់ទំនង​ទាំង​នេះ​យើង​ក៏​ផ្តោត​លើ​ការ​ចែករំលែក​ពី​សំណាក់​គ្រូ​បង្វឹក និង​មន្រ្តី​បច្ចេកទេស ជាដើម»។ លោក​អគ្គលេខាធិការ​បន្ថែម។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ បន្ត​ថា៖«ក្រោយ​ចុះ​ MOU នេះ​ភាគី​ខ្មែរ​នៅ​អាមេរិក គាត់​ចាប់​ផ្តើម​ប្រកូកប្រកាស​ស្វែង​រក​កូន​ខ្មែរ​ដែល​នៅ​តាម​បណ្តា​រដ្ឋ នៅ​អាមេរិក ដែល​មាន​សមត្ថភាព ហើយ​ខ្ញុំ​ជឿជាក់​ថា​ពួក​គាត់​អាច​ជ្រើសរើស​រក​អ្នក​មាន​គុណផល​ល្អ​ មក​ជួយ​ដល់​យើង»។ ​​

យ៉ាងណាក្តី​លោក​វាយ​តម្លៃ​បាន​ថា៖«នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​នេះ​ជា​ជំហាន​ថ្មី​របស់​សហព័ន្ធ។ មួយ​រយៈ​ចុងក្រោយ​នេះ​យើង​បាន​ធ្វើ​កិច្ចការងារ​ជា​ច្រើន​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទះ​អាស៊ាន អាស៊ី និង​អន្តរជាតិ។ មិន​តែ​ប៉ុណ្ណោះ​យើង​បាន​អញ្ញើញ​មិត្ត​អាស៊ាន គឺ​សិង្ហបុរី ​មក​ប្រកួត​មិត្តភាព​អន្តរជាតិ ព្រម​ទាំង​​បាន​ធ្វើ​កិច្ចការ​ជាមួយ​ភាគី​មិត្ត​គុយបា ទាំង​ការ​នាំ​យក​​គ្រូ​បង្វឹក និង​ការ​ប្រកួត​មិត្តភាព​ជាមួយគ្នា ផង​ដែរ។ ប៉ុន្មាន​ថ្ងៃ​មុន​ឯកឧត្តម ប្រធាន​សហព័ន្ធ​បាន​​ធ្វើ​កិច្ចប្រតិបត្តិការ​ជាមួយ​នឹង​ប្រធាន​សហព័ន្ធ​បារាំង ជាដើម»៕

Share.