បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ១ឆ្នាំ ពេលនេះសម្រេចបាន៦០ភាគរយហើយ។ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះទៅពិនិត្យជាថ្មីទៀតនូវដំណើរការសាងសង់អគារនេះ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងតំណាងក្រុមហ៊ុនសាងសង់។

អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក។ បើតាមសម្ដេចក្រឡាហោម ស ខេង អគារទីស្ដីការថ្មីនៃក្រសួងមហាផ្ទៃនេះគឺជាគាររដ្ឋបាលដែលមានទំហំធំជាងគេ រចនា និងសាងសង់ឡើងដោយកូនខ្មែរ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នាឱកាសសួរសុខទុក្ខ និងចែកអំណោយជូនស្ថាបតយ្យករ វិស្វករ និងកម្មករ កម្មការី សាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីដែលបានប្រឹងប្រែងបំពេញការងារមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានគិតផលប្រយោជន៍ជាតិ។

សម្ដេចបានសង្កត់ធ្ងន់ថា«សំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងទៅអនាគត»។ សម្ដេចក៏បានស្ញប់ស្ញែងចំពោះក្រុមអ្នកសាងសង់ដែលបានប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃ ធ្វើឱ្យមានការរំពឹងទុកថាការសាងសង់អគារនេះនឹងសម្រេចបានមុនផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ៕

Share.