កីឡាករសញ្ជាតិអេស្ប៉ាញ Gerard Pique បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ពីក្លិប FC Barcelona នៅចុងសប្តាហ៍នេះ បន្ទាប់ពីចប់ការប្រកួតទល់នឹង Almeria នៅកីឡដ្ឋាន Camp Nou ក្នុងក្របខណ្ឌ La Liga សប្តាហ៍ទី១៣។

ខ្សែការពារវ័យ៣៥ឆ្នាំ គឺជាថ្នាលយុវជនរបស់ក្លិបអ្នកមានបុណ្យ FC Barcelona ចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៤ និងជាថ្នាលយុវជនរបស់ក្លិបបិសាចក្រហម Man United នៅដើមឆ្នាំ ២០០៤ លុះចុងឆ្នាំ ២០០៤ Pique ត្រូវបានដំឡើងទៅកាន់ឈុតធំ Man United។

រយ:ពេល៤ឆ្នាំនៅទឹកដី Old Trafford កីឡាករ Gerard Pique បង្ហាញខ្លួនបានតែ ១២ លើកប៉ុណ្ណោះ ដោយឈ្នះពាន Premier League និង UEFA Champion League ទោះទទួលបាននាទីលេងតិចក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ក៏ដោយ។

ក្រោយមិនជោគជ័យនៅទឹកដីអង់គ្លេស Gerard Pique សម្រេចផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញដែលជាស្រុកកំណើតរបស់គេ គឺក្លិបអ្នកមានបុណ្យ FC Barcelona នៅឆ្នាំ ២០០៨ ក្នុងតម្លៃ៥លានអឺរ៉ូ។

រយ:ពេល១៤រដូវកាលនៅកីឡដ្ឋាន Camp Nou ខ្សែការពារ Pique ជោគជ័យខ្លាំងណាស់ពោលគឺឈ្នះរង្វាន់លីគកំពូល La Liga ចំនួន ៨លើក និងក្របខណ្ឌលីគអឺរ៉ុប UEFA Champions League ៣លើក, UEFA Super Cup ៣លើក, FIFA Club World Cup ៣លើក។

ខណ:ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ Gerard Pique បានប្រកាស​ចូលនិវត្តន៍ ក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2018 ដោយលេងបានសរុប ១០២ប្រកួត និងរកបាន ៥គ្រាប់ ក្នុងនាមជាខ្សែការពារដោយរួមចំណែកឈ្នះពាន FIFA World Cup 2010 និង Euro 2012៕

Share.