ខ្សែប្រយុទ្ធក្លិបបាល់ទាត់ Tottenham Hotspur កីឡាករ Son Heung-Min នៅមិនទាន់ច្បាស់ថាអាចជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា នោះឡើយ បន្ទាប់ពីរបួសប្រេះឆ្អឹងជិតភ្នែក។

Son Heung-Min បាន​របួស​បាក់ឆ្អឹង​មុខ​នៅ​ពាក់កណ្តាល​តង់​ទី​១ ពោលគឺនាទី២៩’ ដោយប្តូរជំនួសមកវិញដោយកីឡាករ Yves Bissouma ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពានរង្វាន់ Champions League ដែល​ក្រុម​មាន់​ខ្នាយ​មាស Tottenham បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Marseille បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ខ្សែការពារ Chancel Mbemba​។ ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ តម្រូវ​ឱ្យ​មានការ​សង្គ្រោះ​បឋម​យ៉ាង​យូរ​នៅ​លើ​ទីលាន មុន​ពេល​ត្រូវ​បាន​ប្តូរ​ចេញ​។

ក្រោយចប់ការប្រកួតក្លិបបាល់ទាត់ Tottenham Hotspur បាន​បញ្ជាក់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា៖«​យើង​អាច​បញ្ជាក់​បាន​ថា Son Heung-min នឹង​ត្រូវ​ធ្វើការ​វះកាត់​ដើម្បី​រក្សា​លំនឹង​ដោយសារ​ការ​បាក់ឆ្អឹង​ជុំវិញ​ភ្នែក​ខាងឆ្វេង​របស់​គេ​។ ហើយ​បន្ទាប់​ពី​ការ​វះកាត់​បញ្ចប់ Son នឹង​ត្រូវ​ចាប់ផ្តើម​ការ​ស្តារ​នីតិសម្បទា​ជាមួយ​បុគ្គលិក​ពេទ្យ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​ដល់​អ្នកគាំទ្រ​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​»​។

ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ​ខាង​មុខ​នេះ​។ ខណៈ​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ស្ថិត​ក្នុង​ពូ​ល H រួម​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ ហ្គា​ណា និង​អ៊ុយ​រូ​ហ្គា​យ​។

សម្រាប់ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវជួបជាមួយ ក្រុមជម្រើសជាតិអ៊ុយ​រូ​ហ្គា​យ​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីយប់ នៅកីឡដ្ឋាន Education City៕

Share.