ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ជាតិ វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា កីឡដ្ឋាន ស្មាត.អរ.អេស.អិន វេលាម៉ោង ៦:៣០នាទីល្ងាច។

នេះជាការឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកជាលើកទី៣ជាប់ៗគ្នាសម្រាប់វិសាខា ដោយ២លើកមុនពួកគេធ្វើបានសម្រេចទាំង២ដងតែម្ដង ពោលឆ្នាំ២០២០ និង២០២១។

ចំណែកគូប្រជែងបឹងកេត ធ្លាប់ឡើងផ្ដាច់ព្រ័ត្រមួយលើកក្នុងឆ្នាំ២០១៩ និងធ្វើបានសម្រេចដែរ ដោយឈ្នះព្រះខ័នរាជស្វាយរៀងលើទឹកដីភ្នំពេញក្រោននេះ។ និយាយការប៉ះគ្នារវាងបឹងកេត និងវិសាខាក្នុងពានរង្វាន់ដ៏ធំមួយនេះ ធ្លាប់កើតឡើង២លើកមកហើយ។

កាលឆ្នាំ២០១៩ ក្រុមទាំង២បានប្រទះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ដោយបឹងកេតឈ្នះ ៤ទល់នឹង០ ពីការធ្វើបានហ៊ែតទ្រីកដោយចាន់ វឌ្ឍនាកា និងគ្រាប់បាល់ពីម៉ុន វ៉ាន់ដា។

ចូលដល់ឆ្នាំ២០២០ ក៏បានកើតឡើងជាថ្មីតែក្នុងវគ្គ៨ក្រុមវិញម្ដង ហើយជ័យជម្នះបានទៅលើវិសាខា ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា១ទល់នឹង១នៅខេមបូឌាអ៊ែរវ៉េ ជើងទី១ និងស្មើ៣ទល់នឹង៣ នៅព្រីនស៍៕

Share.