ឆ្លងកាត់ភាពជាប្រធានប្ដូរវេននៃបណ្ដាប្រទេសសមាជិកអាស៊ានជាបន្តបន្ទាប់ គឺទើបតែនៅឆ្នាំ២០២២នេះទេ ដែលសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) បានទទួលប្រទេសជាសមាជិកដល់ទៅ៦ប្រទេស និងត្រៀមបញ្ចូល២ប្រទេសទៀត។ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានចាត់ទុកថារឿងប្រវត្តិសាស្រ្តមួយរបស់អាស៊ាន ដ្បិតឆ្នាំកន្លងៗមក មានច្រើនបំផុតត្រឹមតែ២ឬ៣ប្រទេសប៉ុណ្ណោះត្រូវបានបញ្ចូលជាសមាជិកTAC។

តើអ្វីទៅជា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថាTAC? TAC ជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ដើម្បីបង្កើតសំណុំនៃគោលការណ៍ណែនាំដើម្បីគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ លើកកម្ពស់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី។ 

ប្រមុខការទូតខ្មែរ អគ្កលេខាធិការអាស៊ាន និងតំណាងប្រទេសសមាជិកទាំង៦

ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា គឺមានប្រទេសចំនួន៦ បានចូលជាសមាជិកក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ តំណាងមកពីប្រទេសដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម បានចុះហត្ថលេខាលើចូលជាសមាជិក TAC នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសអាស៊ាន នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅភ្នំពេញកាលពីខែសីហាកន្លងទៅ ដោយបង្កើនសមាជិកភាពនៃកិច្ចព្រមព្រៀងនេះដល់ ទៅ៤៩ប្រទេស។

បើតាម ឯកឧត្តម គង់ ភោគ បន្ទាប់ពីទទួលបានសមាជិក៦ប្រទេសក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកាលពីខែសីហានោះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពេញមួយសប្ដាហ៍ក្រោយនេះ នឹងមានការបញ្ចូលសមាជិកបន្ថែម២ទៀត ប្រសិនបើឯកសារពិតជារួចរាល់ទៅតាមផែនការ ក្នុងនោះក៏មានអ៊ុយក្រែនដែរ។

ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានស្ដីពីការត្រៀមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីចុងសប្ដាហ៍កន្លទៅ រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅ ឯកឧត្តម គង់ ភោគ ស្នើអ្នកសារព័ត៌មានចាប់អារម្មលើចំណុចនេះ ដ្បិតវាជាមុខមាត់ និងស្នាដៃមួយរបស់កម្ពុជាដែលធ្វើជាប្រធានអាស៊ាន។

ក្នុងពេលបញ្ចូលសមាជិកទាំង៦ប្រទេសនោះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថាមានភាគីជាច្រើនបានបង្ហាញពីសារៈសំខាន់របស់ TAC ទាក់ទងនឹងគោលបំណង និងគោលការណ៍ជាមូលដ្ឋានរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីមិត្តភាព ប្រកបដោយសន្តិវិធី ដោយលោកបានអំពាវនាវឱ្យភាគីដែលជាសមាជិកឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ និង កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយអាស៊ាន ក្នុងនាមអង្គការមួយ ក៏ដូចជាជាមួយរដ្ឋសមាជិកអាស៊ាននីមួយៗ៕

Share.