នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលមានគណៈប្រតិភូមិមកពី៣២ប្រទេស និងស្ថាប័នចូលរួមនោះ មានសណ្ឋាគារមួយចំនួនត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកំណត់ជាគោលដៅត្រូវបង្កើនការយកចិត្តទុកដាក់ការពារន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ នេះបើតាមឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្លែងក្នុងវីដេអូមួយដែលត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមឧត្តមសេនីយ៍ អេង ហ៊ី សណ្ឋាគារទាំងនោះ រួមមានសណ្ឋាគារសុខាភ្នំពេញដែលជាសណ្ឋាគារត្រូវបានកំណត់ជាកន្លែងប្រជុំកំពូលអាស៊ាន និងបណ្ដាសណ្ឋាគារផ្សេងទៀត រួមមានសណ្ឋាគារហ្គាដិនស៊ីធី សណ្ឋាគារឡឺរ៉ូយ៉ាល់ សណ្ឋាគារភ្នំពេញ សណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ សណ្ឋាគារហៃយ៉ាត់រីជិនស៊ី សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសណ្ឋាគារកាំបូឌីយ៉ាណា។

សូមបញ្ជាក់ថាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានពេញមួយសប្ដាហ៍ខាងមុខនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្ដេជ្ញាធានាឱ្យបានជូនសម្ដេចតេជោ ថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនជាន់ខ្ពស់សំខាន់ៗ និងជូនគណៈប្រតិភូបរទេសទាំង៣២ប្រទេសនិងស្ថាប័ន​ មិនឱ្យទទួលរងគ្រោះមហន្តរាយណាមួយ និងបង្ការរារាំងដាច់ខាតមិនឱ្យមានអំពើភេវរកម្មកើតឡើងនៅលើទឹកដីកម្ពុជា។ 

បើតាមឧត្តមសេនីយ៍ អេង ហ៊ី សម្រាប់កិច្ចប្រតិបត្តិការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាមួយអាជ្ញាធរ និងបណ្ដាកងកម្លាំងផ្សេងទៀតនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំប្រើប្រាស់កម្លាំងប្រមាណ២ពាន់នាក់ និងមធ្យោបាយយុទ្ធោបករណ៍ ដូចជារថពាសដែក រថយន្តពេទ្យ រថយន្តបាញ់ទឹក រថយន្តអគ្គិភ័យ រថយន្តដឹកជញ្ជូនកងកម្លាំង រថយន្តនាំផ្លូវ និងម៉ូតូចល័តជាដើម។

នៅថ្ងៃទី៧ ខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានភ្នំពេញ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានផ្តាំផ្ញើដល់កម្លាំងត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និង អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម៕

Share.