សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ពេញមួយសប្ដាហ៍ខាងមុខនេះ យ៉ាងហោចណាស់មានប្រធានបទសំខាន់ៗចំនួន៥ ត្រូ​វបានលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្បូដូ និងជាអ្នកកាសែតជើងចាស់ តាមស្អិតកិ​ច្ចប្រជុំអាស៊ានអះអាងថា នឹងក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកកាសែតអន្តរជាតិដែលអញ្ជើញមកពីស្ថាប័នផ្សេងៗជុំវិញពិភពលោក។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុងកម្មវិធី​ជំនួប​អ្នកសារព័ត៌មាន ស្ដីពី​ការត្រៀម​យក​ព័ត៌មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា CCJ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ កាលពីថ្ងៃទី៤ ខែវិច្ឆិកា លោក ពុយ គា អះអាងថាប្រធានបទទាំង៥នោះរួមមាន វិបត្តិនៅមីយ៉ាន់ម៉ា ជម្លោះដុះស្នឹមនៅសមុទ្រចិនខាងត្បូង ការប្រឈមមុខរវាងសត្រូវរួមឈាមកូរ៉េខាងជើង និងខាងត្បូង ចិន និងចិនតៃវ៉ាន់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

បើតាមលោក ពុយ គា អ្វីដែលក្រុមអ្នកកាសែតអន្តតជាតិចាប់អារម្មណ៍ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗទាំង៥នោះ គឺថាមេដឹកនាំប្រទេសមហាអំណាច និងប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលលើរឿងទាំងនេះ ពិសេសគឺអាស៊ាននឹងបង្ហាញជំហរ ឬទស្សនៈបែបណាចំពោះស្ថានការណ៍ចុងក្រោយជុំវិញប្រធានបទទាំង៥ ហើយថាតើពួកគេ ពិសេសក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន និងកិច្ចប្រជុំបូកនានានោះ នឹងមានការដាក់ចេញឬចេញសេចក្ដីថ្លែងការណ៍បែបណាខ្លះជាដើម។

សូមបញ្ជាក់មានអ្នកសារព័ត៌មានប្រមាណ១៧០០នាក់ ទាំងអ្នកសារពត៌មានជាតិ និងបរទេស បានចុះឈ្មោះសម្រាប់ការយកពត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិមានចំនួនប្រមាណ៩០០នាក់។ នេះបើតាមឯកឧត្តម ផុស សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន៕

Share.