កិច្ចប្រជុំកំពូលអាស៊ាននៅព្រុយណេ

ប្រសិនបើកិច្ចប្រជុំអាស៊ានកំពុងដំណើរការ ស្រាប់តែមានមេដឹកនាំបរទេសណាម្នាក់ដើរចេញពីតុប្រជុំ ឬចាត់ណាងឱ្យមកប្រជុំជំនួសទាំងខ្លួនកំពុងមានត្តមានដែរនោះ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ានឆ្នាំ២០២២​ បានផ្ដល់ការពន្យល់ ដោយផ្អែកលើបទពិសោធន៍នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកម្រិតអន្តរជាតិផ្សេងៗថាករណីនេះ​ ជារឿងធម្មតាមួយ និងមិនមែនមានន័យថាអ្នកដែលបានដើរចេញ ឬស្រាប់តែចាត់តំណាងឱ្យប្រជុំជំនួសខ្លួននោះ មិនផ្ដល់តម្លៃដល់កិច្ចប្រជុំ ឬបង្ហាញពីអសម្ថភាពរបស់ប្រធានដឹកនាំអង្គប្រជុំនោះឡើយ។

ថ្លែងក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មាន ស្ដីពីការត្រៀមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា CCJ កាលពីពេលថ្មីៗនេះ ឯកឧត្តម គង់ ភោគ បានពន្យល់ថា«ពេលប្រជុំ គឺពេលខ្លះយើងឃើញថ្នាក់ដឹកនាំអង្គុយទៅ ពេលខ្លះទៀតយើងឃើញរដ្ឋមន្រ្តីការបរទេសមកអង្គុយជំនួសទៅ អាហ្នឹងជារឿងសាមញ្ញទេ ព្រោះនៅក្នុងអំឡុងពេលយើងកំពុងប្រជុំនេះ ក្នុងពេលដំណាលគ្នាហ្នឹង ក៏មានកិច្ចប្រជុំទ្វេភាគីច្រើនណាស់ដែរ សម្រាប់ថ្នាក់ដឹកនាំកំពូលមួយធ្វើដំណើរចេញពីប្រទេសខ្លួនទៅប្រជុំ គេយកប្រយោជន៍ចេញពីហ្នឹងឱ្យអស់»។

ឯកឧត្តម គង់ ភោគ ទំនងជាចង់មានន័យថា ប្រសិនបើនិយាយពីក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាខាងមុខនេះវិញ គឺបណ្ដាមេដឹកនាំបរទេសមួយចំនួន ក្រៅតែពីផ្ដោតលើការចូលរួមកិច្ចប្រជុំអាស៊ាន ក៏យកឱកាសនេះដើម្បីណាត់គ្នាជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីផងដែរ។ ឯកឧត្តមបន្តថា«ឧទាហរណ៍ថា បើសិនមេដឹកនាំបរទេសណាម្នាក់គាត់ចង់ទៅជួបនាយករដ្ឋមន្រ្តៃថៃ គាត់ត្រូវរៀបចំដំណើរទស្សនកិច្ចផ្លូវការ ចំណាយថវិកា ចំណាយពេលវេលា តែឥលូវ មកជុំគ្នាទាំងអស់នៅកម្ពុជា។ ដូច្នេះជាពេលវេលាល្អឥតខ្ចោះ នរណាទំនេរស្រួលរកគ្នាថា ជួបគ្នាបានកន្លះម៉ោងឬអត់? អ៊ីចឹងហើយបានជាមានចេញចូលៗកន្លែងប្រជុំ»។

ក្នុងកម្មវិធីដែលមានអ្នកកាសែតចូលរួមជាង១០០នាក់ ឯកឧត្តម គង់ ភោគ បានពន្យល់ពីករណីនេះ ដោយលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានជាតិ ជួយផ្សព្វផ្សាយអំពីហេតុផលដូចបានលើកឡើង ដើម្បីរួមចំណែកការពារកិត្តិយសជាតិ ដ្បិតបណ្ដាសារព័ត៌មានបរទេសខ្លះ បានយកករណីអវត្តមានថ្នាក់ដឹកនាំពីកិច្ចប្រជុំ ឬប្រជុំៗដើរចេញដើរចូល ឬចាត់តំណាងមកប្រជុំជំនួសនេះថាជាការបង្ហាញកាយវិការមិនសប្បាយចិត្តលើរឿងអ្វីមួយ។ ឯកឧត្តមបន្តថាពេលខ្លះ ក៏មានកិច្ចប្រជុំខ្លះត្រូវជាន់គ្នា ហើយគណៈប្រតិភូមេដឹកនាំប្រទេសខ្លះក៏ត្រូវបែងចែកគ្នាដើម្បីចូលរួម។

សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានវត្តមានប្រតិភូមិដឹកនាំប្រទេស និងស្ថាប័នអន្តរជាតិ ប្រមាណ៣២ប្រទេស និងស្ថាប័នអញ្ជើញមកចូលរួម។ ចំណែកអ្នកសារព័ត៌មានវិញ មានទាំងជាតិ និងអន្តរជាតិ ប្រមាណជាង១៧០០នាក់ បានចុះឈ្មោះដើម្បីតាមដានកិច្ចប្រជុំនេះ។ វត្តមានមេដឹកនាំនានាមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជានាពេលនេះ ត្រូវបានចាត់ទុកថាជាកិត្តិយសដ៏ធំមួយរបស់កម្ពុជាលើឆាកអន្តរជាតិ ខណៈនេះជាលើកទី៣ហើយដែលកម្ពុជាធ្វើជាប្រធានអាស៊ាន៕

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានឆ្នាំ២០២២

Share.