រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម Antony J. Blinken បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រកម្ពុជាក្នុងនាមជាប្រធាន​អាស៊ានឆ្នាំ២០២២ដែលបានដឹកនាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះក្នុងគ្រាដ៏លំបាក និង​ផ្តល់​តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការរួមគ្នាដោះស្រាយបញ្ហា​នៅក្នុងតំបន់ និងក្នុងពិភពលោក រួមទាំងវិបត្តិនៅមីយ៉ាន់ម៉ា និងអ៊ុយក្រែនផងដែរ»។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម Antony J. Blinken បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងសំណេរអបអរសាទរជាមួយប្រជាជនកម្ពុជានាឱកាសខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងសារនោះដែរ ប្រមុខការពារជាតិអាមេរិក ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងបន្តឈរជាមួយប្រជាជនកម្ពុជា ក្នុងការឆ្ពោះទៅ​រកអនាគតដែលកាន់តែរីកចម្រើន ប្រកបដោយប្រជាធិបតេយ្យ និងឯករាជ្យ។

សូមបញ្ជាក់ថាប្រមុខការទូតអាមេរិក ឯកឧត្តម Antony J. Blinken បានអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅរាជធានីភ្នំពេញម្ដងរួចមកហើយ ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីកាបរទេស។ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលចាប់ផ្ដើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះវិញ កម្ពុជាក៏នឹងទទួលវត្តមានប្រធានាធិបតីអាមេិក ចូ បៃដិន ផងដែរ។ តើកិច្ចប្រជុំអាស៊ាន អាមេរិក លើកនេះ នឹងបានត្រួសត្រាយផ្លូវជាវិជ្ជមានបែបណាខ្លះសម្រាប់ការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងអ៊ុយក្រែន?

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន កាលពីយប់មិញនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានអញ្ជើញមកដល់កម្ពុជាហើយដើម្បីត្រៀមចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ដំណើរមកដល់របស់ប្រមុខការទូតប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្ស៊ីនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានបានជួបសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន។ តើប្រធានាធិបតីអ៊ុយក្រែនអាចមានឱកាសថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំណាមួយរបស់អាស៊ាន? ដំណឹងនេះស្ថិតក្នុងការរង់ចាំ៕

Share.