សំណុំរឿងទំនាស់ដីធ្លីនៅមួយកន្លែងស្ថិតក្នុង ភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រវាងភាគីមានប័ណ្ណកម្មសិទ្ឋនិង ភាគីប្រជាពលរដ្ឋមួយក្រុមពុំមានឯកសារ តែបានកាន់កាប់ជាក់ស្តែងបាននិងឡើងកម្តៅយ៉ាងខ្លាំង ។

អាជ្ញាធរស្រុកកំពង់សិលាបានរៀបចំកិច្ចប្រជុំមួយជាមួយភាគីជម្លោះនៅព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលា បានបញ្ជាក់ក្រោយកិច្ចប្រជុំថា ចំពោះបញ្ហាទំនាស់ដីធ្លីនេះ ភាគីលោកស្រី សេរី កូស៊ិន ដែលមានទីលំនៅបច្ចុប្បន្នរាជធានីភ្នំពេញ សំអាងទៅលើប័ណ្ណសិទ្ឋចំនួន០៣ ប័ណ្ណ(បទបញ្ជា០១)ចេញអំឡុងឆ្នាំ២០១៤ ដោយភាគីម្ចាស់ប័ណ្ណបានចោទថា ក្រុមប្រជាពលរដ្ឋកាប់ទន្ទ្រានលើដីកម្មសិទ្ឋស្របច្បាប់លេខ ១៨៧,១៦៨,១៩២ ដែលមានទីតាំងស្ថិតក្នុងភូមិវាល ឃុំកំពុងសិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ឯភាគីប្រជាពលរដ្ឋមានចំនួនជិត១០០គ្រួសារ គឺពុំមានឯកសារអ្វីទាំងអស់ ហើយបានចោទ ភាគីម្ចាស់ដីថាបានឃុបឃិតគ្នាយកដីរបស់ពួកគាត់ដោយប័ណ្ណកម្មសិទ្ឋទាំងនេះ មិននៅលើទីតាំងដីដែលពួកគាត់កាប់ព្រៃរុករានកាន់កាប់ជាយូឆ្នាំនោះទេ។

លោក អភិបាលរងស្រុកកំពង់សិលាបានគូសបញ្ជាក់ទៀតថា បើពិនិត្យទៅលើឯកសារ ផ្លូវច្បាប់ឃើញថា ភាគីលោកស្រីសេរី កូស៊ិន ហាក់មានប្រៀបជាង។ ប៉ុន្តែដើម្បីបញ្ជាក់អោយបានកាន់តែច្បាស់ បន្ថែមទៀត ក្រោយមានកិច្ចប្រជុំជំនួបទាំងពីរភាគី ក្រុមការងារថ្នាក់ស្រុកដែលដឹកនាំប្រជុំដោយលោកផ្ទាល់បានសម្រេច បង្កើតគណៈកម្មាធិការចម្រុះ ចុះទៅធ្វើការវាស់វែង រកចំណុចនិយាមការ ទាំង០៣ប័ណ្ណរបស់លោកស្រីសេរី កូស៊ិន និងទីតាំងដីដែលប្រជាពលរដ្ឋអះអាងថា ពួកគាត់កាន់កាប់យូរហើយនោះ តើវាជាន់ត្រួតស៊ីគ្នាដែឬទេ? ដើម្បីងាយស្រួលដល់ក្រុមការងារវាយតម្លៃ និង អនុវត្តន៍តាមនិតិវិធីឲ្យមានតម្លាភាព ទៅតាមផ្លូវច្បាប់ ។

បើតាមអាជ្ញាធរ ភាគីលោកស្រីសេរី កូស៊ិន និងភាគីតំណាងប្រជាពលរដ្ឋ ក៏បានឯកភាពគ្នា កំណត់ថ្ងៃចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្ហាញអំពីភាពស្អាតស្អំរៀងៗខ្លួន ព្រោះកន្លងមកភាគីទាំងពីរសុទ្ឋតែមានអំណះអំណាងរៀងៗខ្លួន។

តាមប្រភពពីភាគីតំណាងលោកស្រីសេរី កូស៊ិន បានបញ្ជាក់ថា ទីតាំងដីទំនាស់នេះ លោកស្រីបានទិញត្រឹមត្រូវដោយមានប័ណ្ណកម្មសិទ្ឋស្របច្បាប់ មានការទទួលដឹងឬពីអាជ្ញាធរមូលដ្ឋាន គឺភាគីគាត់ពុំបានទៅរំលោភដីរបស់ប្រជាពលរដ្ឋនោះទេ ។ដីនេះមានទំហំ ជាង១០ហិចតា ក្នុងចំណោមផ្ទៃដីសរុបរបស់ ទាំង០៣ប័ណ្ណមានទំហំសរុបជិត៣០ហិចតា ដែលដីខ្លះមានដំណាំ និងដីខ្លះពុំទាន់មានដំណាំទេ៕

អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ

Share.