EA Sports បានប្រើកម្មវិធី Simulation ព្យាករណ៍ថាក្រុមជម្រើសជាតិអាហ្សង់ទីន ដែលមានតារាឆ្នើម Lionel Messi ជាប្រធានក្រុម នឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

អ្វីគួរឲ្យចាប់អារម្មណ៍នោះគឺ EA Sports ធ្លាប់ព្យាករណ៍ត្រូវ៣លើកមកហើយ៖
-FIFA World Cup 2010 អ៉េស្បាញ
-FIFA World Cup 2014 អាល្លឺម់ង់
-FIFA World Cup 2018 បារាំង
-ខណ: FIFA World Cup 2020 ព្យាករណ៍ថាអាហ្សង់ទីន

EA Sports បានប្រើកម្មវិធី Simulation ដើម្បីព្យាករណ៍

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា។

ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni ស្ថិតនៅពូល C ជាមួយ ម៉ិកស៊ិក, ប៉ូឡូញ និង អារ៉ាប៊ីសាអូឌីត។ ខណ:ត្រូវប្រកួតបើកឆាក អាហ្សង់ទីន ត្រូវជួបជាមួយ អារ៉ាប៊ីសាអូឌីត នៅកីឡដ្ឋាន Lusail Iconic វេលាម៉ោង ៥:០០ល្ងាច ម៉ោងនៅកម្ពុជា។

ខាងក្រោមនេះគឺលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង៨៖
ពូល A៖ កាតា (ម្ចាស់ផ្ទះ), ហូឡង់, សេណេហ្គាល់, អេក្វាឌ័រ
ពូល B៖ អង់គ្លេស, សហរដ្ឋអាមេរិក, អ៊ីរ៉ង់, វេលស៍​
ពូល C៖ អាហ្សង់ទីន, ម៉ិកស៊ិក, ប៉ូឡូញ, អារ៉ាប៊ីសាអូឌីត
ពូល D៖ បារាំង, ដាណឺម៉ាក, ទុយនីស៊ី, ​អូស្ត្រាលី​
ពូល E៖ អេស្ប៉ាញ, អាល្លឺម៉ង់, ជប៉ុន, កូស្តារីកា​
ពូល F៖ បែលហ្សិក, ក្រូអាត, ម៉ារ៉ុក, កាណាដា
ពូល G៖ ប្រេស៊ីល, ស្វីស, ស៊ែប៊ី, កាមេរូន
ពូល H៖ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង, ហ្គាណា។

ខ្សែ​ប្រយុទ្ធ ​Lionel Messi សមាជិក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កំពុង​ប្រកប​អាជីព​នៅ​ក្លិប Paris Saint-Germain F.C នៅ​ប្រទេស​បារាំង បាន​បញ្ជាក់​​​ថា ការ​ប្រកួត​​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ឆ្នាំនេះ​នៅ​ប្រទេស​កាតា នឹង​ក្លាយ​ជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup) ចុងក្រោយនៃ​អាជីព​របស់​គេ។

កំណត់ត្រា​របស់ Messi សម្រាប់​អាហ្សង់ទីន គឺ​រក​បាន ៩០ គ្រាប់ ក្នុង ១៦៤ ប្រកួត ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី ៣ សម្រាប់​ជម្រើស​ជាតិ បន្ទាប់ពី Cristiano Ronaldo (១១៧) និង Ali Daei របស់​អ៊ីរ៉ង់ (១០៩)។

យ៉ាងណាមិញ​នៅឆ្នាំ ២០២១ អា​ហ្ស​ង់​ទីន បាន​យកឈ្នះ ប្រេស៊ីល ១-០ លើកពាន Copa América និងនៅឆ្នាំ ២០២២ បន្តយកឈ្នះ អ៊ីតាលី ៣-០ ​គ្រង​ពានរង្វាន់ Finalissima។ លើសពីនេះ​អា​ហ្ស​ង់​ទីន ស្ថិតនៅ​លើផ្លូវ​ដែល​មិន​ស្គាល់​ចាញ់ ៣៥ ​ប្រកួត ដោយ​ខ្វះ​តែ ៥ ​ប្រកួត​ទៀត នឹង​បំបែក​កំណត់ត្រា​ពិភពលោក​៕

Share.