ថ្វីបើពេលនេះមេដឹកនាំកំពូលៗ កំពុងជួបជុំកិច្ចប្រជុំអាស៊ានដែលប្រារព្ធនៅកម្ពុជាយ៉ាងណាក្ដី ប្រធានាធិបតីចិន លោក ស៊ី ជីងពីង នៅតែមិនភ្លេចក្នុងការធ្វើសមយុទ្ធ ដោយលោក ស៊ី បានប្រាប់កងទ័ពរំដោះប្រជាជនចិនឲ្យ ផ្ដោតលើការត្រៀមខ្លួនប្រយុទ្ធ ដើម្បីធ្វើសង្រ្គាម នេះបើយោងតាមការលើកឡើងរបស់គណបក្សកុម្មុយនិស្ដចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

រូបភាពបានបង្ហាញពីប្រធានាធិបតីចិន លោក ស៊ី ជីងពីង ស្លៀកឈុតយោធា ត្រួតពិនិត្យមជ្ឈមណ្ឌលបញ្ជាការកងទ័ព ដែលបង្ហាញយ៉ាងច្បាស់នៅលើទំព័រមុខរបស់កាសែត People’s Daily កាលពីថ្ងៃ ពុធ សប្ដាហ៍នេះ។

លោក ស៊ី បាននិយាយថា កងទ័ពត្រូវតែពង្រឹងការហ្វឹកហ្វឺនយោធា និង ត្រៀមលក្ខណៈសម្រាប់សង្រ្គាមណាមួយឲ្យកាន់តែទូលំទូលាយ ដោយបានព្រមាននៅក្នុងសមាជបក្សនាពេលថ្មីៗនេះអំពី «ព្យុះដ៏គ្រោះថ្នាក់» នៅតំបន់ព្រំដែន។

ថ្លែងពីវេទិកា លោក ស៊ី បានប្រាប់កងទ័ពនៅមជ្ឈមណ្ឌលបញ្ជាការកងទ័ពថា ឥឡូវនេះ ប្រទេសចិនត្រូវតែផ្ដោតលើការត្រៀមខ្លួនសម្រាប់ការធ្វើសង្រ្គាម ពីព្រោះសន្ដិសុខជាតិរបស់ប្រទេសនេះ កាន់តែអស្ថិរភាព និង មិនច្បាស់លាស់។ ដូច្នេះកងទ័ពត្រូវតែពង្រឹងសមត្ថភាព ប្រឹងប្រែងប្រយុទ្ធ និង បង្កើនសមត្ថភាពដើម្បីឈ្នះ និង ការពារអធិបតេយ្យភាព រួមទាំងសន្ដិសុខជាតិ ឲ្យបានម៉ឺងម៉ាត់។

ទាក់ទិននឹងការប្រកាស រួមទាំងការព្រមានរបស់ប្រធានាធិបតីចិន ដែលថា ប្រទេសចិននឹងផ្ដោតលើការរៀបចំសម្រាប់សង្រ្គាម នឹងបង្កើនការភ័យខ្លាចថា ប្រជាជាតិនេះអាចវាយលុកកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលទីក្រុង ប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន។ ខណៈប្រទេសមួយនេះ តែងតែគំរាមម្ដងហើយម្ដងទៀត ជុំវិញការប្រើកម្លាំងវាយយកកោះតៃវ៉ាន់ប្រសិនបើចាំបាច់។

យ៉ាងណាម៉ិញ ប្រធានាធិបតីសហរដ្ឋអាមរិក លោក Joe Biden ក៏ធ្លាប់បានសន្យាម្ដងហើយម្ដងទៀតដែរថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើវាត្រូវបានវាយប្រហារ បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែ សីហា៕

ប្រភព៖ The Guardian

Share.