ភ្នំពេញ ៖ រថយន្តសាំយ៉ុងសម្រាប់ដឹកសិស្សសាលាមួយគ្រឿង អ្នកបើកបរធ្វេសប្រហែស ជាន់ហ្គាច្រឡំ បោលបុកម៉ូតូហុងដាវ៉េវ រួចបន្តបោកបុកទ្វាររបងសាលា ចេញដល់ក្រៅឆ្លងផ្លូវ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែទ្រព្យសម្បត្តិ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង មុខសាលាហ្គ្រីនហូម ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពិធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-2010 ជារថយន្តរបស់សាលាហ្គ្រីនហូម សម្រាប់ដឹកសិស្ស បញ្ឆេះបើកនៅខាងក្នុងសាលា សង្ស័យច្រឡំជាន់ហ្គា ទើបបោលស្ទុះបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1X-2519 ចតទុកពីមុខរថយន្តនៅក្នុងសាលា បណ្តាលឲ្យបាក់កង់មុខ ហើយបោលបុករបងទ្វារសាលា បាក់ធ្លាយចេញទៅក្រៅ ឆ្លងផ្លូវ ជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ខូចខាតតែទ្រព្យសម្បត្តិខ្លួនឯង។

ក្រោយកើតហេតុ មានតែរករថយន្តស្ទូចលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ខណៈដែលមិនបង្កដល់អ្នកដទៃ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.