ក្លិបបាល់ទាត់វិសាខា បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានព្រីនស៍ ក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី២៣ ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ១,០១៧នាក់។

១គ្រាប់ជ័យជម្នះដោយខ្សែការពារស្លាប ឆេង ម៉េង នៅនាទី៤៦’ ដើម​វគ្គទី២ ជួយឱ្យ​វិសាខាកាត់​គម្លាតកាន់តែជិត​ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ពី៦ពិន្ទុ មកសល់តែ៣ពិន្ទុប៉ុណ្ណោះ។

ខណ:ក្លិបបាល់ទាត់បឹងកេត ចែកគ្នាម្នាក់១ពិន្ទុជាមួយ ភ្នំពេញក្រោន ក្រោយបញ្ចប់លទ្ធផល៩០នាទីពេញ ០-០ នៅកីឡដ្ឋាន Cambodia Airway ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ១,៤១៧នាក់។

ពេល​នេះតំណែងកំពូលតារាងរបស់​ក្រុមមានមូលដ្ឋាន​នៅខេត្តស្វាយរៀង​ហាក់កាត់​បន្ថយកាន់តែកៀកទៅៗ និង​ជួបគ្រោះថ្នាក់គ្រប់ពេលបើ​ភ្លាត់ ស្មើ​ ឬបន្តចាញ់ បច្ចប្បន្នលើសវិសាខា៣ពិន្ទុ​ ខណៈនៅសល់​៤ប្រកួតទៀត។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor ស្ថិតនៅកំពូលតារាង ជាមួយ៤៦ពិន្ទុ ពីការលេង២៣ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៥ ខណ:វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា កំពុងស្ថិតនៅលេខរៀងទី២ ជាមួយ៤៣ពិន្ទុ ក្រោយឆ្លងកាត់២៣ប្រកួត ឈ្នះ១៣ ស្មើ៤ និងចាញ់៦។

ភ្នំពេញក្រោន របស់លោក Oleg Starynskyi ស្ថិតនៅកំពូលតារាង ជាមួយ៤០ពិន្ទុ ពីការលេង២៣ប្រកួត ឈ្នះ១១ ស្មើ៧ និងចាញ់៥ ខណ:បឹងកេត ក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ កំពុងស្ថិតនៅលេខរៀងទី៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៣ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៦៕

Share.