ព្រៃវែង ៖ ក្មេងប្រុសចំនួន៣នាក់បានលង់ទឹកស្លាប់ ចំណែក៦នាក់ទៀតហែលរួច ជួយសង្គ្រោះបាន បន្ទាប់ពីនាំគ្នាជិះទូកលេងហើយលិច កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបឹងតាអី ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

សពក្មេងរងគ្រោះទាំង៣នាក់ ៖ ទី១ ឈ្មោះ សាន លីម៉េង ភេទប្រុស អាយុ១៦ឆ្នាំជាសិស្សមានទី លំនៅ ភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ ទី២ ឈ្មោះប៉ូ រុណ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅភូមិព្រៃមាស ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ ទី៣ ឈ្មោះ ណេ ដេវីដ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ ក្មេងប្រុសសរុបចំនួន៩នាក់ នាំគ្នាជិះទូកលេងក្នុងបឹងចំណុចខាងលើ ដែលមានជម្រៅទឹក ពី២ម៉ែត្រទៅ៣ម៉ែត្រ ដោយលើសចំណុះ ទូកបានលិច បណ្តាលឲ្យក្មេងរងគ្រោះ៣នាក់ លង់លិចបាត់ ចំណែក៦នាក់ហែល ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបាន ។

ក្រោយពីលង់លិចបាត់ក្មេង៣នាក់ ត្រូវបានកម្លាំងអាជ្ញាធរ ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ដឹកនាំដោយ លោក យស ស៊ីណាត អភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាំគ្នារាវរក សពក្មេងរងគ្រោះ ។

សពក្មេងរងគ្រោះ ក្រោយរាវរកឃើញស្រង់បានទាំង៣នាក់ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.