ភ្នំពេញ ៖ រថយន្តកូរ៉ទ្រុងមួយគ្រឿង ដឹកធ្យូង បើកសុខៗស្រាប់តែផ្សែងហុយខ្មួល ភ្លើងឆេះធ្យូង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងព្រៃស ចំណុចភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបហេតុការណ៍ខាងលើ ប្រភេទ កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ គ 0236 ភព3 ដឹកធ្យូង ។

តាមប្រភពបានឲ្យដឹងថា មុនមើតហេតុ រថយន្តដឹកធ្យូងពីខេត្តកំពង់ស្ពឺ យកទៅដាក់ឲ្យម៉ូយនៅ ម្តុំរោងចក្រកែវ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបើកបរតាមផ្លូវបេតុងព្រៃស ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានផ្សែងហុយចេញពីគំនរថង់ធ្យូង នៅក្នុងទ្រុង បង្កជាអគ្គិភ័យ ពលរដ្ឋឃើញ ឃាត់ប្រាប់ អ្នកបើកបរក៏ឈប់រថយន្ត។ ភ្លាមៗនោះសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន២គ្រឿង ចេញទៅអអន្តរាគមន៍ បាញ់ទឹក រើកកាយថង់ធ្យូងទម្លាក់ចុះ ភ្លើងរលត់ទៅវិញ ប្រើប្រាស់ទឹក តែ១រថយន្ត អស់៦គូប ។

ករណីខាងលើមិនបង្កឲ្យភ្លើងឆេះដល់រថយន្តឡើយ ភ្លើងឆេះតែថង់ធ្យូង ហើយក៏មិនបង្កឲ្យអ្នកណារងរបួសដែរ ក្រោយកើតហេតុ ម្ចាស់រថយន្ត ហៅបងប្អូនឲ្យជួយជញ្ជូនធ្យូងដាក់លើរថយន្ត ដើម្បីដឹកបន្តយកទៅដាក់ឲ្យម៉ូយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.